ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួងនឹងពង្រីកសេវាវះកាត់អ្នកជំងឺគថ្លង់តាមបច្ចេកវិទ្យាទំនើបនិងមានប្រសិទ្ធភាពខ្ពស់ជាលើកដំបូងនៅកម្ពុជាដែលជួយឲ្យពួកគេអាចស្តាប់ឮនិងនិយាយបានដូចមនុស្សទូទៅ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថា ការវះកាត់អ្នកជំងឺគថ្លង់នេះមន្ទីរពេទ្យព្រះអង្គឌួងនឹងចាប់ផ្តើមចាប់ពីខែតុលាឆ្នាំ២០១៨ខាងមុខនេះតទៅហើយដែលការវះកាត់គឺអ្នកជំងឺត្រូវបង់លុយប៉ុន្តែលោកសាស្ត្រាចារ្យមិនបានបញ្ជាក់ថា នឹងត្រូវបង់ប៉ុន្មាននោះទេ។
លោកសាស្ត្រាចារ្យ លូ លីឃាង បានបន្ថែមទៀតថា ការវះកាត់ជំងឺគ ថ្លង់នេះគឺធ្វើឡើងតាមរយៈម៉ាស៊ីនដែលមានបច្ចេកវិទ្យាថ្មីទំនើបដែលអាចឲ្យអ្នកជំងឺមានលទ្ធភាពស្តាប់ឮនិយាយបាននិងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅបាន ដូចមនុស្សធម្មតាពិសេសកុមារអាចចូលរៀនបានផងដែរ ខណៈដែលមុនវះកាត់ពួកគេមានការពិបាកក្នុងការធ្វើទំនាក់ទំនងគ្នាដោយសារតែស្តាប់មិនឮនិងមិនអាចនិយាយបានពោលគឺពួកគេអាចទំនាក់ទំនងគ្នាតាមរយៈភាសាកាយវិការតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយលោកសាស្ត្រាចារ្យ លូលីឃាង បានបន្ថែមទៀតថា នៅពេលធ្វើការវះកាត់រួចហើយមន្ទីរពេទ្យនឹងបញ្ជូនអ្នកជំងឺគថ្លង់ទៅកាន់សាលាគថ្លង់ដើម្បីឲ្យគ្រូជួយបង្ហាត់បង្រៀនអ្នកជំងឺពីរបៀបគ្រលាស់អណ្តាតឲ្យចេះនិយាយ។
លោកសាស្ត្រាចារ្យបានឲ្យដឹងទៀតថា ចំពោះកុមារដែលមានជំងឺគថ្លង់អាចបង្រៀនឆាប់ចេះនិយាយជាងមនុស្សចាស់ដោយសារតែកុមារងាយស្រួលហាត់ពុតសម្លេងផ្ទុយពីមនុស្សចាស់ដែលមានជំងឺគថ្លង់ត្រូវការពេលវេលាយូរក្នុងការហាត់ពុតអណ្តាត។
លោកសាស្ត្រាចារ្យ លូលីឃាងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនចៅនិងសាច់ញាតិមានជំងឺគ ថ្លង់ត្រូវមកវះកាត់ជំងឺចាប់ពីខែតុលាឆ្នាំ២០១៨ខាងមុខនេះតទៅដើម្បីឲ្យពួកគេទទួលបាននូវជីវិតថ្មីនិងមានសិទ្ធិរស់នៅបានពេញលេញនៅក្នុងសង្គម។
អ្នកស្រី ពុតរស្មីដែលបានទៅពិនិត្យ និង ព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួងបានគាំទ្រនិងរីករាយដែលមន្ទីរពេទ្យព្រះអង្គឌួងបានពង្រីកសេវាវះកាត់ជំងឺគថ្លង់នេះព្រោះនឹងជួយឲ្យអ្នកជំងឺគថ្លង់មានក្តីសង្ឃឹមឡើងវិញពិសេសអាចឲ្យពួកគេអាចចូលរួមនៅក្នុងការងារសង្គមបានពេញលេញដូចមនុស្សទូទៅដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់គ្រូពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួងត្រូវបន្តយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀតដើម្បីបង្កើននូវភាពជឿជាក់ និង ទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសេវារដ្ឋ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែឆ្នាំ២០១៨កន្លងមកនេះ មានប្រជាពលរដ្ឋមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កនិងភ្នែកនៅមន្ទីរពេទ្យព្រះអង្គឌួងប្រមាណ១៤ម៉ឺននាក់កើនឡើងលើស១០០%បើធៀបទៅនឹងឆ្នាំ២០១៧ទាំងមូលមាន១៣ម៉ឺននាក់៕
Source: Kampuchea Thmey Daily
0 Comments