ភ្នំពេញ ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2018មុនគេក្នុងចំណោមប្រ ទេសអាស៊ានដែលចាប់ផ្តើមបើកការប្រកួតបើកឆាកនៅរាជធានីភ្នំពេញដោយត្រូវប៉ះជាមួយប្រទេសម៉ាឡេស៊ីនៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
នេះបើតាមការចាប់ឆ្នោតជ្រើសរើសពូលសម្រាប់ AFF Suzuki Cup 2018 ដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នៅប្រទេសឥណ្ឌូនេស៊ីកន្លងទៅ។
បន្ទាប់មកទៀតកម្ពុជានឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង បាងកក(ថៃ) ហាណូយ(វៀតណាម) ហ្សាការតា(ឥណ្ឌូនេស៊ី) ម៉ានីល(ហ្វីលីពីន) និងយ៉ាងហ្គួន(មីយ៉ាន់ម៉ា)ដើម្បីបន្តដំណើរនៃការប្រកួតពានប្រចាំតំបន់អាស៊ាននេះ។
គួរបញ្ជាក់ថា AFF Suzuki Cupគឺជាការប្រកួតដណ្តើមជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ជារៀងរាល់២ឆ្នាំម្តង ដែលរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ាន(AFF)និងមានការទទួលស្គាល់ពីហ្វីហ្វា(FIFA)។
ប្រទេសដែលចូលរួមលេងក្នុង AFF Suzuki Cup 2018 មានចំនួន១០ប្រទេសចែកចេញជា២ពូលកឺ ពូលA មានកម្ពុជា វៀតណាម ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា ចំណែកពូលBមាន ថៃ(ក្រុមការពារតំណែងជើងឯក) ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត។ ក្រុមជម្រើសជាតិទាំង១០ប្រទេសនេះ នឹងប្រកួតដណ្តើមតំណែង AFF Suzuki Cupនេះ ចាប់ពីថ្ងៃទី៨ខែ៨ ខែវិច្ឆិកាដល់១៥ខែធ្នូឆ្នាំ២០១៨។ការប្រកួតនឹងចេញដំណើរពីរាជធានីភ្នំពេញ។
លោក ណូប៊ុយអូ គីដូកូរ៉ូ នាយកក្រុមហ៊ុនខេមបូឌាស៊ុយហ្ស៊ុយគីម៉ូទ័រ បានថ្លែងនៅក្នុងពិធីប្រកាស AFF Suzuki Cup 2018 កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញឲ្យដឹងថា ក្រុមហ៊ុន ស៊ុយហ្ស៊ុយគី បានឧបត្ថម្ភ AFF Suzuki Cup តាំងពីឆ្នាំ២០០៨មក ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាហើយនៅឆ្នាំនេះ គឺជាឆ្នាំគម្រប់ខួប១០ឆ្នាំ នៃការឧបត្ថម្ភរបស់ស៊ុយហ្ស៊ុយគីដល់AFF Suzuki Cupនេះ លោកបានបន្តថា នេះគឺជាលើកទី១ហើយ ដែល AFF Suzuki Cupនឹងត្រូវធ្វើឡើងក្នុងប្រទេសកម្ពុជាហើយលោកសង្ឃឹមថា ក្រុមជម្រើសជាតិកម្ពុជាដែលបង្វឹកដោយលោកហុងដានឹងទទួលបានលទ្ធផលល្អក្នុងការប្រកួត។
នៅក្នុងពិធីប្រកាស AFF Suzuki Cup 2018ក៏មានការចូលរួមពីអតីតប្រធានក្រុមជម្រើសជាតិកម្ពុជា និងបច្ចុប្បន្នជាគ្រូជំនួយជម្រើសជាតិលោក អ៊ុង កនយ៉ានិត្យ កីឡាករយុវជនឆ្នើមៗ រួមជាមួយលោក ឧកញ៉ា ស៊ីវ ថៃ អគ្គនាយកក្រុមហ៊ុន OMC ផងដែរ។
លោក អ៊ុង កនយ៉ានិត្យនិងកីឡាករសុទ្ធតែបានអះអាងថា ក្រុមជំរើសជាតិបានត្រៀមរួចហើយក្នុងការប្រកួតជាមួយនឹងម៉ាឡេស៊ីនៅក្នុងកម្មវិធីការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2018ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments