ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យមើលការងារសាងសង់មណ្ឌលជាតិព្យាបាល និង ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោកជំស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលដែលបានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់នោះមានមានប្រសាសន៍ថា ការរៀបចំសាងសង់អាគារពិនិត្យព្យាបាលអ្នកញៀនគ្រឿងញៀនដែលមានកម្ពស់ចំនួន១ជាន់ នេះគឺស្ថិតនៅក្នុងបរិវេណមណ្ឌលជាតិព្យាបាលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តព្រះសីហនុ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ និងមូលនិធិរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា អគារពិនិត្យព្យាបាលអ្នកញៀនគ្រឿងញៀននេះនឹងរៀបចំចេញជា ៥ផ្នែកគឺទី១ផ្នែកពិគ្រោះជំងឺក្រៅទី២ផ្នែកឱសថស្ថានទី៣ផ្នែកមន្ទីរពិសោធន៍ទី៤ផ្នែកសង្គ្រោះបន្ទាន់និងទី៥ ផ្នែកវះកាត់តូច។
ទន្ទឹមនឹងនេះ នៅខាងមុខច្រកចូលមានកន្លែងផ្តល់ព័ត៌មាននិងទទួលជួបអ្នកជំងឺ បន្ទប់អ្នកជំងឺសម្រាកព្យាបាលចំនួន ៤ បន្ទប់ ស្មើ ៣៩គ្រែ បន្ទប់សម្រាប់អ្នកជំងឺបុរសចំនួន ៣ បន្ទប់ និងបន្ទប់អ្នកជំងឺស្ត្រី ចំនួន ១បន្ទប់ ដែលក្នុង ១បន្ទប់ មានគ្រែចំនួន ៩ បន្ទប់យាមសម្រាប់គ្រូពេទ្យប្រចាំការ២៤ម៉ោងចំនួន១បន្ទប់ បន្ទប់ការិយាល័យរដ្ឋបាល១ បន្ទប់ឃ្លាំងដាក់សម្ភារៈចំនួន១បន្ទប់ និងបន្ទប់ទឹកចំនួន ៤ កន្លែង។
លោកស្រីវេជ្ជបណ្ឌិតអគ្គនាយកបច្ចេកទេសសុខាភិបាល បានស្នើដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រួលលក្ខណៈបច្ចេកទេសតាមបន្ទប់ ដែលបានសង់រួចហើយនោះ គឺបន្ទប់ជួយសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់តូច ព្រមទាំងរៀបចំបិទការ៉ូហ្វ៉ៃយ៉ង់សម្រាប់បន្ទប់ទាំង២នេះ សម្រួលបំបាត់សសរដែលមាននៅក្នុងបន្ទប់ទាំង២ចេញ ហើយរៀបចំឲ្យមានជាបន្ទប់មួយទៀតនៅក្បែរបន្ទប់នេះ សម្រាប់ផ្តល់ឱសថជូនអ្នកញៀនគ្រឿងញៀនផងដែរ។ បន្ថែមលើនេះ បន្ទប់មន្ទីរពិសោធន៍ក៏ត្រូវរៀបចំដាក់ការ៉ូហ្វៃយ៉ង់ឲ្យបានល្អ និងទ្វារបន្ទប់ទាំងអស់ត្រូវមានភាពមាំទាំសម្រាប់សុវត្ថិភាព។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅខេត្តព្រះសីហនុ មានសេវាពិនិត្យ ព្យាបាលជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន មានចំនួន ១១ កន្លែង គឺ (១) មន្ទីរពេទ្យខេត្តព្រះសីហនុ (២) មណ្ឌលសុខភាពក្រុង (៣) មណ្ឌលសុខភាពសង្កាត់១ (៤) មណ្ឌលសុខភាពស្ទឹងហាវ (៥) មណ្ឌលសុខភាពអូឧកញ៉ាហេង (៦) មណ្ឌលសុខភាពទួលទទឹង (៧) មណ្ឌលសុខភាពវាលរេញ (៨) មណ្ឌលសុខភាពកែវផុស (៩) មណ្ឌលសុខភាពតក្កវិទ (១០) មណ្ឌលសុខភាពទឹកល្អក់ (១១) មណ្ឌលសុខភាពអណ្តូងថ្ម៕
Source: Kampuchea Thmey Daily
0 Comments