Ad Code

បែកធ្លាយ​រឿង​មេ​ប៉េអិម​ខេត្តព្រះវិហារ​ស៊ីដាច់​លុយ​ឧបត្ថម្ភ​៨០​លាន​រៀល និង​រឿង​ពុករលួយ



ភ្នំពេញ ​៖ មេបញ្ជាការ​ប៉េអិម​ខេត្តព្រះវិហារ​ត្រូវ​បាន​កូនចៅ​ក្រោម​ឱវាទ​ចោទប្រកាន់ថា បាន​ស៊ីដាច់​លុយ​ឧ​ប​ត្ថ​ម្ភ​ចំនួន​៨០​លាន​រៀល ដែលជា​លុយ​ឧបត្ថម្ភ​ដល់​អង្គភាព ដើម្បី​ចែក​មន្ត្រី​អាវុធហត្ថ ដែល​ករណីនេះ ធ្វើ​ឲ្យ​កូនចៅ​មិន​សប្បាយចិត្ត និង​បាន​ស្នើ​ឲ្យ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​ប៉េអិម​លើ​ផ្ទៃ​ប្រទេស មេត្តា​ពិនិត្យមើល​ករណីនេះ​ផង ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។



ប្រភព​ច្បាស់​ការណ៍ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​ប៉េអិម​ខេត្តព្រះវិហារ បាន​ស៊ីដាច់​លុយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រក្ស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមាណ​៨០​លាន​រៀល ដែល​បាន​ឧបត្ថម្ភ​ដល់​អង្គភាព "​ខ​26-2" កាលពី​មុន​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ហើយ​ក្រៅពី​បញ្ហា​លុយ​នេះ ក៏​នៅ​មាន​សកម្មភាព​មិនប្រក្រតី​មួយចំនួនទៀត​ផងដែរ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សកម្ម​ភាពមិនប្រក្រតី​ធំៗ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មានដូចជា ទី​១, យក​ដី​អង្គភាព មក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន ដូចជា​ដី​នៅ​ស្នាក់ការ​ស្រ​យ៉ង់ និង​ដី​ស្នាក់ការ​កំពង់​ស្រឡៅ​។ ទី​២, បង្ខំ​មេបញ្ជាការ​មូលដ្ឋាន​តាម​បណ្តា ក្រុង ស្រុក កាត់​ប្រាក់ខែ​ក្នុង​មួយ​ខែ​៥០​ម៉ឺន​រៀល ដើម្បី​ធ្វើ​អគារ​ថ្ម​តាម​បណ្តា​ក្រុង​-​ស្រុក ហើយ​អួតថា ខ្លួន​ជា​អ្នក​កសាង​។ ទី​៣, គំរាមកំហែង​មេបញ្ជាការ​រង រហូតដល់​យុទ្ធជន ប្រមាថ​ចាប់​ដាក់គុក កាត់ឈ្មោះ​ចោល​។ ទី​៤, ចាប់​ឡាន​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​ជ័យ​សែន ជំរិត​ទារ​ប្រាក់​ចំនួន​៦​លាន​រៀល កាលពី​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៨​ជា​ថ្នូរ​នឹង​ការដោះលែង​ទៅវិញ​។ ទី​៥, ចំពោះ​ឡាន​ដឹកឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​នៅក្នុង​ខេត្ត គឺ​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន​៥០០​ដុល្លារ​។ ទី​៦, ចំពោះ​ឡាន​យី​ឌុប​ដឹកឈើ​ខុសច្បាប់​ផ្សេងៗ​ទៀត ដែល​ឆ្លងកាត់​ក្នុង​ខេត្ត​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ១៥០​ដុល្លារ​។​



ចំពោះ​ករណី​ខាងលើ​នេះ ក្រុមមន្ត្រី​ប៉េអិម​នៅ​ខេត្តព្រះវិហារ ទទូច​សូម​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ចាត់​ក្រុមអធិការកិច្ច​ចុះ​ស្រាវជ្រាវ​ករណីនេះ​ផង។



ទាក់ទង​ករណីនេះ ការិ​យា​ល័យ​យើង​មិនទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ត្រី កង សៅ​គុណ នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​លិខិត​មួយ ដែល​អះអាង​ថា ជា​លិខិត​បំភ្លឺ​របស់​មេបញ្ជាការ​ក​ង​រាជ​អាវុធហត្ថ​ខេត្តព្រះវិហារ​បាន​អះអាង​ថា លុយ​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ចំនួន​១២,៥០០​ដុល្លារ​នេះ គឺ​ផ្ដល់​សម្រាប់​ទិញ​សម្ភារ ដំឡើង​វិទ្យុទាក់ទង បម្រើ​ឲ្យ​ការងារ​សន្ដិសុខ នៅ​តាម​មូលដ្ឋាន មិនមែន​សម្រាប់​ចែក​ដល់​មន្ដ្រី​អាវុធហត្ថ​ទេ​...​។ ចំណែក​ចំណុច​ផ្សេងទៀត លិខិត​បំភ្លឺ​នោះ​បាន​រៀបរាប់​ដូច​ព័ត៌មាន​ខាងលើ តែ​បាន​បដិសេធថា មិនមែនជា​ការពិត​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu