បន្ទាយមានជ័យ ៖ ប្តីជើងល្អម្នាក់មិនគិតរកស៊ីចិញ្ចឹមគ្រួសារគិតតែគំរាមវាយប្រពន្ធយកលុយទៅវិញថ្នាំញៀនជក់ប្រពន្ធទ្រាំនូវអំពើថោកទាបរបស់ប្តីមិនបាន ក៏ទៅប្តឹងអាវុធហត្ថឲ្យឃាត់ខ្លួននៅវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា បើតាមការអះអាងរបស់ប្រពន្ធឈ្មោះ សើន ស្រីឡឹង ភេទ ស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ប្តីរបស់ខ្លួនមានឈ្មោះ ភ្លឹង ភិរុណ ភេទប្រុស អាយុ៣៨ឆ្នាំ ពេលដែលបានគ្នាកាលណាមិនចេះរកស៊ីចិញ្ចឹមគ្រួសារទេគិតតែពីរករឿងប្រពន្ធយកលុយទៅទិញថ្នាំញៀនជក់។
នៅមុនពេលកើតហេតុនោះ ប្តីបានវាយដណ្តើមខ្សែករបស់នាងយកទៅលក់ ដើម្បីយកប្រាក់ទៅទិញគ្រឿងញៀនជក់ ទើបនាងសម្រេចចិត្តមកប្តឹងសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួនតែម្តង។
ជនសង្ស័យក្រោយពីបញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីសួរនាំរួចមកលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានធ្វើការសាកសួរជនសង្ស័យបានចម្លើយសារភាពថា ខ្លួនពិតជាបានវាយយកខ្សែ.ក របស់ប្រពន្ធយកទៅលក់ទៅទិញថ្នាំជក់ពិតប្រាកដ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យខាងលើ អាចត្រូវចោទពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និង ជក់គ្រឿងញៀនកម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments