Ad Code

លោក អា​បេ និយាយថា យោបល់​របស់លោក ពូ​ទីន បង្ហាញ​ពី​បំណងប្រាថ្នា​សម្រាប់​សន្ធិសញ្ញា​សន្តិភាព​ជប៉ុន – រុស្ស៊ី



លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ កាលពី​ថ្ងៃ​សុក្រ​បាន​និយាយ​ជាថ្មី​អំពី​ជំហរ​របស់​ប្រទេស​ជប៉ុន​ថា ជម្លោះ​លើ​កោះ​ដែល​រឹបអូស​ដោយ​កងទ័ព​រុស្ស៊ី​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សង្គ្រាមលោកលើកទី​២​ត្រូវតែ​ដោះស្រាយ​មុនពេល​សន្ធិសញ្ញា​សន្តិភាព​មួយ​អាច​ត្រូវបាន​ចុះហត្ថលេខា​ដើម្បី​បញ្ចប់​អរិភាព​ជា​ផ្លូវការ​រវាង​ប្រទេស​របស់​ពួកគេ​។​

លោកពូ​ទីន​ហាក់ដូចជា​បង្ហាញ​សញ្ញា​វិជ្ជមាន​ចំពោះ​លោក អា​បេ នៅពេល​លោក​និយាយ​ក្នុង​វេទិកា​ថ្នាក់​តំបន់​មួយ​នៅ​ទីក្រុង វ្ល៉ា​ឌី​វ៉ូ​ស្តុក កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ទាំងពីរ​គួរតែ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​មួយ​នៅ​ចុង​ឆ្នាំនេះ​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន​នោះទេ​។​

លោក អា​បេ បាន​និយាយ​អំឡុង​ការជជែក​ដេញដោល​តាម​ទូរទស្សន៍​មួយ​ជាមួយ​គូប្រជែង​របស់គាត់​សម្រាប់​ការបោះឆ្នោត​ភាពជា​អ្នកដឹកនាំ​គណបក្សកាន់អំណាច​ថ្ងៃទី​២០​ខែ​ក​ញ្ញ​ថា “​យើង​ត្រូវ​មើល​សញ្ញា​ពី​មតិ​ជាច្រើន​ដែល​លោក​ប្រធានាធិបតី​ពូ​ទីន​បាន​ធ្វើឡើង​។ វា​ជា​ការពិត​ដែលថា លោក​បានស្នើ​ឲ្យ​ធ្វើការ​ដោយ​ត្រឹមត្រូវ​លើ​សន្ធិសញ្ញា​សន្តិភាព​មួយ​។ ពិតណាស់ ជំហរ​របស់​ជប៉ុន​គឺ​ដោះស្រាយ​ជម្លោះ​ដែនដី​ហើយ​សម្រេច​សន្ធិសញ្ញា​សន្តិ​ភាព​”​។​

មេដឹកនាំ​ទាំងពីរ​ទំនងជា​នឹង​ជួបប្រជុំគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​មួយ​ឬ​ពីរ​នៅ​ចុងឆ្នាំ​នេះ​។​
​ទាំង​ក្រុង​មូ​ស្គូ​និង​តូ​ក្យូ​បានទាមទារ​អធិបតេយ្យភាព​លើ​កោះ​ដែល​ត្រូវបាន​គេ​ស្គាល់​នៅក្នុង​ប្រទេស​រុស្ស៊ី​ថា Kurile និង​នៅ​ជប៉ុន​ថា​ជា Northern Territories ។ លោក អា​បេ បាន​យក​ការដោះស្រាយ​ជម្លោះ​នេះ​ធ្វើជា​គន្លឹះ​នៃ​វេទិកា​នយោបាយ​របស់គាត់​។​

លោក​អា​បេ​បាន​និយាយថា កិច្ចព្រមព្រៀង​មួយ​នឹង​ដោះ​សោ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ពី​ក្រុមហ៊ុន​ជប៉ុន​សម្រាប់​ប្រទេស​រុស្ស៊ី​បន្ទាប់ពី​រុស្ស៊ី​ត្រូវបាន​កាត់​ចេញពី​ការវិនិយោគ​របស់​ប្រទេស​លោកខាងលិច​ដោយសារ​តែ​ការដាក់ទណ្ឌកម្ម​។​

ចំពោះ​លោកពូ​ទីន​ឯណោះ​វិញ ការបោះបង់ចោល​កោះ​នេះ​នឹង​ប្រឈម​នឹង​ប្រតិកម្ម​នយោបាយ​ក្នុងប្រទេស​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu