Ad Code

ក្រុមអ្នកវិភាគ ​៖ ជម្លោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ អាច​នឹងមាន​មនុស្ស​ស្លាប់​ច្រើនជាង​ស៊ី​រី​ក្នុង​ឆ្នាំ​២០១៨​នេះ



ក្រុមអ្នកវិភាគ​បាន​និយាយថា ជម្លោះ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ អាច​វ៉ា​ដាច់​ប្រទេស​ស៊ី​រី​ជា​ជម្លោះ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅលើ​ពិភពលោក​ក្នុងឆ្នាំនេះ​ ខណៈ​អំពើហិង្សា​បាន​កើនឡើង​បន្ទាប់ពី​ការឈ្លានពាន​ដែល​ដឹកនាំ​ដោយ​អាមេរិក​អស់​រយៈពេល​១៧​ឆ្នាំ​។​

ក្រុមអ្នកវិភាគ​បាន​និយាយថា យុទ្ធសាស្ដ្រ​អួតអាង​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​មិនបាន​ចាត់វិធានការ​នៅ​សមរភូមិ​នោះទេ​។​

លោក Johnny Walsh អ្នកជំនាញការ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​បាន​និយាយថា “​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​អ្នកស្លាប់​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ខុស​ការមើលឃើញ​នៅ​ស៊ី​រី​គឺអាច​ធ្វើ​ឲ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្លាយជា​ជម្លោះ​ដែលមាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅក្នុង​ពិភពលោក​។ ឆ្នាំ​កាន់តែ​ថ្មី​ចំនួន​អ្នកស្លាប់​កាន់តែច្រើន​”​។​

យោងតាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ឲ្យ​ដឹងថា ជម្លោះ​ស៊ី​រី​ដែល​បានចាប់ផ្តើម​មួយ​ទសវត្ស​ក្រោយ​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​១៥,០០០​នាក់​គិត​ត្រឹម​ឆ្នាំនេះ​។​

លោក Graeme Smith អ្នកពិគ្រោះ​យោបល់​សម្រាប់​ក្រុម​វិបត្តិ​អន្តរជាតិ​បាន​ប្រាប់ AFP ថា ការបង្ហាញ​មួយចំនួន​បាន​បង្ហាញថា សង្គ្រាម​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​នឹង​សម្លាប់​មនុស្ស​ជាង​២០,០០០​នាក់​ក្នុង​ឆ្នាំ​២០១៨​រួមទាំង​ជន​ស៊ីវិល​និង​យុទ្ធជន​ផងដែរ​។ ចំនួន​នោះ​អាច​លើសពី​ចំនួន​នៃ​ជម្លោះ​ដទៃទៀត​ដែល​អាច​កើតមាន​សូម្បីតែ​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​ក៏ដោយ​។​

យោងតាម​កម្មវិធី​ទិន្នន័យ Uppsala Conflict Data (UCDP) នៅក្នុង​ប្រទេស​ស៊ុយ​អ៊ែត​បាន​បង្ហាញថា វា​នឹង​ក្លាយជា​កំណត់ត្រា​ខ្ពស់​មួយ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។​

របាយការណ៍​ថ្មី​របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា ការស្លាប់​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​១,៦៩២​នាក់​នៅក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​។​

អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ​លោក Nasrat Rahimi បាន​ប៉ាន់​ស្មានថា “​យុទ្ធជន​សត្រូវ​” ពី ៣០០​ទៅ​៤០០​នាក់​ត្រូវបាន​សម្លាប់​ជា​រៀងរាល់​សប្ដាហ៍​ប៉ុន្តែ​មិនបាន​ផ្តល់​តួលេខ​អំពី​ជន​ស៊ីវិល​ឬ​កងកម្លាំង​រដ្ឋាភិបាល​ទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu