ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងប្រារព្ធ«ទិវាបេតិកភណ្ឌ»ជាលើកទី៤នៅថ្ងៃសៅរ៍ទី២៩ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីផ្តល់ឱកាសឱ្យសាធារណជនចូលទស្សនាស្វែងយល់ពីអគារនានារបស់ស្ថានទូតរួមទាំងនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូត និងឧទ្យានទំហំ៤,៥ហិកតា ដែលជាលំហបៃតងដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញ។
ជាកន្លែងប្រវត្តិសាស្ត្រ ស្ថានទូតបារាំងស្ថិតនៅទីតាំងដដែលនេះអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ ស្ថានទូតត្រូវបានជួសជុលឡើងវិញទាំងស្រុងនៅចន្លោះឆ្នាំ១៩៩៣និងឆ្នាំ១៩៩៥ ដោយក្រុមហ៊ុនបារាំងមួយដែលបានប្រើប្រាស់រចនាសម្ព័ន្ធអគារចាស់ៗ ដើម្បីបង្កើតជាបណ្តុំអគារថ្មីមួយមានលក្ខណៈសមសួនជាមួយនឹងទេសភាពដ៏ស្រស់បំព្រង។
នៅក្រោមប្រធានបទ «ទៅប្រទេសបារាំង» ទិវាបេតិកភណ្ឌឆ្នាំនេះនឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់កាន់តែច្បាស់អំពីប្រទេសបារាំង និងភាពសម្បូរបែបនៃសម្បត្តិបេតិកភណ្ឌរបស់ប្រទេសនេះ។
បារាំងមិនត្រឹមតែជាគោលដៅទេសចរណ៍ធំជាងគេក្នុងពិភពលោកដោយទទួលបានភ្ញៀវជាង៨០លាននាក់ក្នុងមួយឆ្នាំប៉ុណ្ណោះទេតែក៏ជាប្រទេសដ៏ធំមួយដែលទទួលនិស្សិតអន្តរជាតិឱ្យទៅសិក្សា។ទិវាបេតិកភណ្ឌនេះនឹងជាឱកាសមួយផងដែរក្នុងការស្វែងយល់អំពីសិល្បៈនៃការរស់នៅ និងជំនាញរបស់បារាំង ដោយមានវត្តមានក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ Christofle។
ផ្តួចផ្តើមឡើងដោយប្រទេសបារាំង ទិវាបេតិកភណ្ឌបច្ចុប្បន្នត្រូវបានប្រារព្ធធ្វើនៅតាមបណ្តាប្រទេសនានាប្រមាណ៥០។ នៅកម្ពុជា អគារដ៏ស្រស់ស្អាតផ្សេងទៀតក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរ ក្នុងនោះមាន៖ សាលារាជធានីភ្នំពេញ និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលី ការិយាល័យអង្គការយូណេស្កូ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សអង្គរនៅសៀមរាប សណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញ និងមហាសណ្ឋាគារអង្គរនៅខេត្តសៀមរាប៕
Source: Kampuchea Thmey Daily
0 Comments