Ad Code

អ្នកការទូត​កំពូល​របស់​សហរដ្ឋអាមេរិក​ នឹង​ត្រឡប់​ទៅ​កូរ៉េខាងជើង​ជាថ្មី​ ខណៈ​លោក ត្រាំ សរសើរ​លោក គីម



រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo កាលពី​ថ្ងៃ​ពុធ​ បាន​យល់ព្រម​ត្រឡប់​ទៅ​ប្រទេស​កូរ៉េខាងជើង​វិញ​នៅ​ខែក្រោយ​នេះ​ ដើម្បី​ជំរុញ​កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ ខណៈដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ទស្សន៍ទាយ​អំពី​ការ​ទម្លាយ​ភាពទាល់ច្រក​ក្នុងពេល​ឆាប់ៗ​នេះ។

លោក Pompeo បាន​ជួបប្រជុំ​ជាមួយ​សម​ភាគី​កូរ៉េខាងជើង​លោក Ri Yong Ho នៅ​ខាងក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​ពិភាក្សា​អំពី​ផែនការ​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤​របស់លោក​ទៅកាន់​ប្រទេស​ជាស​ត្រូវ​របស់​អាមេរិក​ជា​យូរ​មកហើយ​មួយ​នេះ​។​

ក្រសួងការបរទេស​បាន​និយាយថា លោក Pompeo បាន​ទទួលយក​ការអញ្ជើញ​មួយ​ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​ឲ្យ​វិល​ត្រឡប់មក​ក្រុង​ព្យុងយ៉ាង​វិញ​នៅក្នុង​ខែតុលា​ដើម្បី​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​សម្រាប់​ការលុបបំបាត់​នុយក្លេអ៊ែ​រ​របស់​កូរ៉េខាងជើង​ឲ្យ​បាន​ពេញលេញ​។​

លោក Pompeo ក៏​នឹង​ព្យាយាម​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​លោក ត្រាំ និង​លោក​គីម​ផងដែរ​ដែល​កិច្ចប្រជុំ​របស់​ពួកគេ​កាលពី​ខែមិថុនា​នៅ​ប្រទេស​សិង្ហ​បុរី​គឺជា​លើកដំបូង​រវាង​មេដឹកនាំ​កំពុងកាន់​តំណែង​នៃ​ប្រទេស​ទាំងពីរ​។​

លោក ត្រាំ បាន​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់គាត់​ជាមួយ​ប្រទេស​កូរ៉េខាងជើង​ថា​ជា​ជោគជ័យ​មួយ​នៃ​គោលនយោបាយ​ការបរទេស​និង​បាន​ថ្លែងអំណរគុណ​ដល់​លោក​គីម​។​

ការសរសើរ​របស់គាត់​បាន​កើតឡើង​ត្រឹមតែ​មួយឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់ពី​គាត់​បាន​ចំអក​ឲ្យ​លោក​គីម​ថា​ជា “​បុរស​រ៉ុក្កែត​” នៅឯ​អង្គការសហប្រជាជាតិ​ហើយ​បាន​គំរាម​ឆ្លើយតប​ផ្នែក​យោធា​។​

លោក ត្រាំ បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា លោក​គីម​បាន​ផ្ញើលិខិត “​អស្ចារ្យ​” ថ្មី​មួយ​ទៀតហើយ​បាន​រំពឹងថា កិច្ចប្រជុំ​កំពូល​លើក​ទី​២​នឹង​ប្រព្រឹត្តទៅ​ក្នុងពេល “​យ៉ាង​ឆាប់រហ័ស​”​។​

លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ញូវយ៉ក​ថា “​យើង​មាន​ទំនាក់ទំនង​ល្អ​ណាស់ គាត់​ចូលចិត្ត​ខ្ញុំ​ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​គាត់​ដែរ​។ ខ្ញុំ​ពិតជា​ជឿថា គាត់​ចង់​ធ្វើ​ឲ្យ​បានសម្រេច​ហើយ​គាត់​ចង់​ធ្វើ​កិច្ចព្រមព្រៀង​មួយ ខ្ញុំ​ក៏​ចង់​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ដែរ​”​។​

លោក ត្រាំ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​ផ្ទុះ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​បើសិនជា​គាត់​មិន​ជាប់ឆ្នោត​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu