ប្រទេសហ្វីលីពីនកំពុងធ្វើការត្រៀមខ្លួនជាបន្ទាន់នៅថ្ងៃសុក្រ ខណៈដែលព្យុះទីហ្វុង Mangkhut ត្រូវបានគេគិតទុកជាមុនថា នឹងវាយប្រហារដោយផ្ទាល់ក្នុងរយៈពេលមិនដល់២៤ម៉ោងទៀតទេដោយនាំមកជាមួយនូវកម្លាំងខ្យល់បក់រហូតដល់២៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា។
មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេនៅលើឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសហ្វីលីពីនមុនពេលមានការបាក់ដីនៅព្រឹកថ្ងៃសៅរ៍នៅក្នុងអ្វីដែលត្រូវបានគេរំពឹងថានឹងជាព្យុះកាចសាហាវបំផុតក្នុងឆ្នាំនេះរបស់ប្រទេសដែលងាយរងគ្រោះមួយនេះ។
លោក Michael Conag អ្នកនាំពាក្យអាជ្ញាធរការពារស៊ីវិលមូលដ្ឋានបានប្រាប់ AFP ថា “ភ្លៀងនឹងខ្លាំងហើយមិនអាចលេងសើចជាមួយខ្យល់បានទេ។ ព្យុះនេះអាចបំផ្លាញផ្ទះជាពិសេសជំរកបណ្តោះអាសន្ន។ អ្នកដែលអាចរងគ្រោះខ្លាំងបំផុតគឺអ្នកដែលរស់នៅឆ្នេរសមុទ្រ”។
ភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងកំពុងចាប់ផ្ដើមវាយប្រហារនៅចុងភាគឦសាននៃកោះ Luzon នៅថ្ងៃសុក្រប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាតធំដុំឬទឹកជំនន់ទេ។
ប្រជាជនយ៉ាងតិច៤លាននាក់គឺរស់នៅដោយផ្ទាល់ចំផ្លូវរបស់ព្យុះ Mangkhut ដែលត្រូវបានគេព្យាករណ៍ថានឹងឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិនដែលមានប្រជាជនយ៉ាងច្រើនរួមទាំងទីក្រុងហុងកុងផងដែរនៅចុងសប្តាហ៍នេះ។
ជាមធ្យម មានព្យុះទីហ្វុងនិងព្យុះធម្មតាចំនួន២០បានវាយប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំដោយសម្លាប់មនុស្សរាប់រយនាក់និងបន្សល់ទុកមនុស្សរាប់លាននាក់នៅក្នុងភាពក្រីក្រ។
ព្យុះដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុតក្នុងកំណត់ត្រារបស់ប្រទេសនេះគឺកំពូលព្យុះទីហ្វុង Haiyan ដែលបណ្តាលឲ្យស្លាប់និងបាត់ខ្លួនមនុស្សជាង៧,៣៥០នាក់នៅទូទាំងប្រទេសហ្វីលីពីនកាលពីខែវិច្ឆិកាឆ្នាំ២០១៣។
សេវាអាកាសធាតុរដ្ឋបាននិយាយថា Mangkhut នឹងក្លាយជាព្យុះទីហ្វុងខ្លាំងក្លាបំផុតនៅឆ្នាំនេះដោយមានខ្យល់បក់ក្នុងល្បឿន២០៥គីឡូម៉ែត្រក្នុងមួយម៉ោង៕ AFP
Source: Kampuchea Thmey Daily
0 Comments