ឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក បានត្រៀមខ្លួនចំពោះព្យុះសង្ឃរា Florence នៅល្ងាចថ្ងៃព្រហស្បតិ៍ខណៈព្យុះនេះ បានចាប់ផ្តើមវាយប្រហាររដ្ឋ Carolina ទាំងពីរជាមួយខ្យល់បក់និងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលអ្នកព្យាករណ៍បានព្រមានថាអាចបង្កឲ្យមានទឹកជំនន់គំរាមកំហែងដល់អាយុជីវិតបើទោះបីជាវាកាន់តែចុះខ្សោយក៏ដោយ។
មជ្ឈមណ្ឌលព្យុះជាតិបានឲ្យដឹងថា ល្បឿនខ្យល់អតិបរិមានៃព្យុះ Florence គឺ៩០ម៉ាយល៍ក្នុងមួយម៉ោង។ មជ្ឈមណ្ឌលបានបន្ទាបព្យុះនេះទៅដល់កម្រិតទាបបំផុតក្នុងចំណោម៥ប្រភេទនៅលើខ្នាត Saffir-Simpson ។
ប៉ុន្តែមជ្ឈមណ្ឌលនេះបានបន្ថែមថា ព្យុះនេះនៅតែនាំមកជាមួយខ្យល់បក់ខ្លាំង។
កាលពីថ្ងៃពុធ ព្យុះ Florence ត្រូវបានបន្ទាបពីរដងពីកម្រិតកំពូលក្នុងនាមជាព្យុះប្រភេទ៤ដែលបណ្តាលឲ្យមាន “ការខូចខាតមហន្តរាយ”។ ឥឡូវនេះវាស្ថិតនៅក្នុងប្រភេទ១។
ខ្យល់បក់ខ្លាំងចាប់ផ្តើមវាយប្រហាររដ្ឋ North Carolina ខណៈដែលមន្ត្រីគ្រប់គ្រងគ្រាអាសន្នសហព័ន្ធបានព្រមានថា ព្យុះសង្ឃរានេះនៅតែជា “ព្យុះដ៏គ្រោះថ្នាក់បំផុត” ដែលមានសមត្ថភាពបង្កការបំផ្លិចបំផ្លាញនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយ។
ដោយមានខ្យល់បក់ខ្លាំងនៅតាមបណ្តោយឆ្នេរសមុទ្រកាលពីព្រលឹមថ្ងៃព្រហស្បតិ៍នោះ មន្ត្រីរដ្ឋនិងសហព័ន្ធបានចេញសេចក្តីអំពាវនាវចុងក្រោយដល់ប្រជាពលរដ្ឋឲ្យចាកចេញពីផ្លូវនៃព្យុះដ៏អាក្រក់នេះដែលប្រហែលជាកើតមានតែម្តងប៉ុណ្ណោះក្នុងមួយជីវិត។
លោក Roy Cooper អភិបាលរដ្ឋ North Carolina បាននិយាយថា “ព្យុះនេះនឹងនាំមកនូវការបំផ្លិចបំផ្លាញ។ ផលប៉ះពាល់មហន្តរាយនឹងកើតមាន”។
មនុស្សប្រហែល១.៧លាននាក់នៅរដ្ឋ North Carolina, South Carolina និង Virginia បានស្ថិតនៅក្រោមការបញ្ជាជម្លៀសដោយស្ម័គ្រចិត្តឬចាំបាច់ហើយមនុស្សរាប់លាននាក់ផ្សេងទៀតដែលរស់នៅក្នុងតំបន់ទាំងនេះទំនងជារងផលប៉ះពាល់៕ AFP
Source: Kampuchea Thmey Daily
0 Comments