ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានសំដែលការសោកស្តាយ និងសូមអភ័យទោសដល់បេក្ខជន និងមាតាបិតាសិស្សព្រមទាំងសាធារណជនទាំងអស់ចំពោះកំហុសបច្ចេកទេសដែលបណ្តាលមកពីទិន្នន័យបច្ចេកទេសកុំព្យូទ័រ Er rorធ្វើឲ្យពិន្ទុនៃវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រមានភាពមិនប្រក្រតី។
លោក ឌី ខាំប៉ូលី អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨នេះថា គណៈកម្មការកោសល្យវិច័យ បានរកឃើញថាដំណើរការបូកពិន្ទុ តាមប្រព័ន្ធកកុំព្យូទ័រ(Computer)មានបញ្ហាបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យានៃថ្នាក់វិទ្យាសាស្ត្រ របស់បេក្ខជនរហូតដល់ចំនួន៧៤០បន្ទប់។ បន្ទាប់ពីដោះស្រាយបញ្ហាកំហុសបច្ចេកទេសComputer រួចមក ក្រសួងអប់រំយុវជននិងកីឡាបានសម្រេចប្រកាសលទ្ធផលនៃការប្រឡងជាថ្មីដោយមានបេក្ខជនជាប់សរុបចំនួន ៧៦០៣៤នាក់កើនឡើង៩៧៥នាក់ថែមទៀតស្មើនឹង៧៧.០៧ភាគរយ លើសពីការប្រកាសលទ្ធផលប្រឡងលើកដំបូង កាលពីថ្ងៃទី៩និងទី១០ខែកញ្ញាកន្លងទៅ។
ចំណែកបេក្ខជនទទួលបាននិទ្ទេសAបានកើនពី២៩០នាក់ដល់៤០៨នាក់ និទ្ទេសBចំនួន២២២២នាក់និទ្ទេសCចំនួន៦០៤១នាក់ និទ្ទេសDចំនួន១៥១៨០នាក់ និងនិទ្ទេសEចំនួន៥២១៨៣នាក់។
លោកឌី ខាំប៉ូលីបានទទួលស្គាល់ថា ក្រសួងពិតជាមានកំហុស ដោយសារតែប្រព័ន្ធទិន្នន័យកុំព្យូរទ័រ Error ដោយចៃដន្យមិនមែនជាចេតនា ហើយបង្កឱ្យបេក្ខជនប្រឡងខ្លះ មិនពេញចិត្តចំពោះលទ្ធផលនិងនិទ្ទេសនៃការប្រឡងនោះទេ ហើយក្រសួងធ្វើការកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ ដោយពិនិត្យមើលពិន្ទុ នៃវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រនិងកែតម្រូវនៃការប្រកាសលទ្ធផលឱ្យបានត្រឹមត្រូវឡើងវិញ។
លោកបានឲ្យដឹងទៀតថា ក្រសួងបានខិតខំរៀបចំដំណើរការប្រឡងបានល្អប្រសើរណាស់ទាំងដំណើរការសំណេរ កំណែ ការស្រង់ពិន្ទុ ប៉ុន្តែមានបញ្ហាកំហុសបច្ចេកទេសComputer ដោយចៃដន្យ។
លោកបានបន្ថែមទៀតថា «ក្រសួងមានការសោកស្តាយនិងសូមអភ័យទោសចំពោះបេក្ខជនប្រឡងអាណាព្យាបាល និងភាគីពាក់ព័ន្ធទាំងអស់ចំពោះកំហុសបច្ចេកទេសលទ្ធផលប្រឡងវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រនេះ ហើយសូមប្តេជ្ញាថា នឹងមិនឲ្យមានកំហុសបែបនេះកើតឡើងនៅឆ្នាំក្រោយទៀតនោះទេ»។
គួរបញ្ជាក់ថា ការប្រកាសលទ្ធផលលើវិញ្ញាសាប្រឡងគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រនេះបានធ្វើឡើងបន្ទាប់ពីមានបេក្ខជនប្រមាណ៥០០នាក់ ដែលមិនពេញចិត្តទៅនឹងលទ្ធផលប្រឡងបានដាក់ពាក្យបណ្តឹងតវ៉ាទៅក្រសួងអប់រំយុវជននិងកីឡាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។ បន្ទាប់ពីមានការតវ៉ារួចមក នៅថ្ងៃទី១២ ខែកញ្ញា ក្រសួងអប់រំបានបង្កើតគណៈកម្មការកោសល្យវិច័យមួយដើម្បីពិនិត្យនិងដោះស្រាយទៅលើបណ្តឹងតវ៉ារបស់បេក្ខជនប្រឡង។
លោកខាំឌី បូលីបានបន្ថែមទៀតថា តាមគម្រោងគណៈកម្មការកោសល្យវិច័យត្រូវដោះស្រាយបណ្តឹងតវ៉ានេះរយៈពេល១សប្តាហ៍តែបន្ទាប់ពីរកឃើញនូវកំហុសឆ្គងលើការងារបច្ចេកទេសកុំព្យូទ័ររួចមកគណៈកម្មការនេះបានបញ្ចប់បេសកកម្មមុនផែនការកំណត់។
ចំពោះការប្រកាសលទ្ធផលប្រឡងលើប្រឡងវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រនេះ ក្រសួងបានប្រកាសនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៤កញ្ញានិងនៅតាមបណ្តាខេត្តនៅថ្ងៃទី១៥កញ្ញានេះ៕
Source: Kampuchea Thmey Daily
0 Comments