កថាខ័ណ្ឌជាច្រើនដែលសំដៅលើការជួញដូរប្រេងរបស់រុស្ស៊ីនៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងគឺត្រូវបានដកចេញតាមការជំរុញរបស់ទីក្រុងមូស្គូដែលជាហេតុបង្កឲ្យមានកំហឹងដល់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។
កាលពីចុងខែសីហា រុស្ស៊ីបានរារាំងការចេញផ្សាយរបាយការណ៍ស្តីពីការអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើងព្រោះខ្លួនមិនយល់ស្របនឹងការរកឃើញដែលថា ទីក្រុងព្យុងយ៉ាងបាននាំចូលប្រេងឆ្នាំ២០១៨លើសប្រេងដែលកំណត់ដោយទណ្ឌកម្មដែលដាក់កាលពីឆ្នាំមុន។
ប្រភពនានាក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីបានរារាំងការស្នើសុំរបស់សហរដ្ឋអាមេរិកដែលឲ្យក្រុមហ៊ុនដឹកជញ្ជូនរុស្ស៊ីចំនួនពីរនិងនាវា៦គ្រឿងរបស់ពួកគេត្រូវបានដាក់ទណ្ឌកម្មដាយសារការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសកូរ៉េខាងជើង។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតនៅអង្គការសហប្រជាជាតិរបស់ទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រុស្ស៊ីមិនអាចត្រូវបានអនុញ្ញាតឲ្យកែសម្រួលនិងរារាំងរបាយការណ៍ឯករាជ្យរបស់អង្គការសហប្រជាជាតិលើការដាក់ទណ្ឌកម្មរបស់កូរ៉េខាងជើងទេដោយសារតែពួកគេមិនដូចនូវអ្វីដែលពួកគេនិយាយ”។
ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “ចុះញ៉មចំពោះសម្ពាធរបស់រុស្ស៊ី” ហើយផ្លាស់ប្តូររបាយការណ៍របស់ខ្លួន។
លោកស្រី Haley បានថ្លែងថា “នេះគឺជាគំរូដ៏គ្រោះថ្នាក់មួយនិងជាចំណុចអាក្រក់មួយចំពោះការងារដ៏សំខាន់របស់ក្រុមប្រឹក្សានេះ”។ លោកស្រីបានអំពាវនាវឲ្យមានការចេញផ្សាយរបាយការណ៍ដំបូងវិញដែលចេញកាលពីដើមខែសីហា។
កាលពីខែកក្កដា សហរដ្ឋអាមេរិកបានទាមទារឲ្យបញ្ចប់ការនាំចេញប្រេងទាំងអស់ទៅកូរ៉េខាងជើងដោយលើកឡើងពីរូបថតផ្កាយរណបនិងរបាយការណ៍របស់អ្នកជំនាញដើម្បីអះអាងថា ការផ្ទេរពីនាវាទៅនាវាដោយខុសច្បាប់បានអនុញ្ញាតឲ្យទីក្រុងព្យុងយ៉ាងគេចផុតពីការដាក់ទណ្ឌកម្មលើអាវុធនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលរបស់ខ្លួន។
នៅក្នុងរបាយការណ៍ដើមរបស់ខ្លួន គណៈកម្មាធិការអង្គការសហប្រជាជាតិបានបញ្ចូលឈ្មោះនាវារុស្ស៊ីនិងអង្គភាពនានាដែលបានរំលោភទណ្ឌកម្មអង្គការសហប្រជាជាតិដែលជាហេតុបើកផ្លូវសម្រាប់វិធានការអន្តរជាតិប្រឆាំងនឹងពួកគេ៕ AFP
Source: Kampuchea Thmey Daily
0 Comments