ភ្នំពេញ ៖ សាកសពបុរសម្នាក់ ត្រូវបានកម្មកររោងចក្រកាត់ដេរ១ក្រុមដើរទៅធ្វើការ បានប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ដែលសពមានស្នាមអារ ក និងចាក់ជាច្រើនកន្លែង ហើយត្រូវឃាតកអូសយកចេញពីកន្លែងកើតហេតុនៅលើផ្លូវលំយកទៅចោលក្នុងក្នុងដីស្រែចម្ងាយ២០០ម៉ែត្រពីចំណុចកើតហេតុ មកដល់ពេលនេះមិនដឹងថា ជាករណីប្លន់សម្លាប់ ឬជាគំនុំនោះឡើយ។
ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នៅតាមផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំស្លៀកខោខ្លី ពណ៌ខៀវ និងពាក់អាវផ្កាដៃវែង ពណ៌ប្រផេះ ហើយមានស្នាមអារក និងចាក់ជាច្រើនកាំបិត។ ចំណែកនៅលើផ្លូវលំត្រង់កន្លែង ដែលកើតហេតុដំបូងមានមួកសុវត្ថិភាពរបស់មនុស្សប្រុស១និងមួកស្រី១ ព្រមទាំងមានឈាមផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលមានការប្រទះឃើញបែបនេះ មានកម្មករ១ក្រុមបាននាំគ្នាដើរចេញពីផ្ទះជួលនៅក្នុងភូមិកប់គងដើម្បីទៅធ្វើការរោងចក្រ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានប្រទះឃើញមានឈាម និងមួកសុវត្ថិភាព២ស្ថិតនៅរប៉ាត់រប៉ាយនៅលើផ្លូវលំ ដោយមានការសង្ស័យពួកគេបាននាំគ្នាដើររកមើល ស្រាប់តែបានប្រទះឃើញសាកសពបុរសខាងលើដេកស្លាប់នៅលើវាលស្មៅក្នុងស្រែ ទើបរាយការណ៍ជូនអាជ្ញាធរភូមិនិងនគរបាលភ្លាមៗតែម្ដង។
បន្ទាប់មក នគរបាលប៉ុស្តិ៍ចុះទៅកាន់ទីនោះភ្លាមៗដែរ ហើយមិនទាន់ដឹងថា ជាករណីអ្វីពិតប្រាកដនៅឡើយទេ ប៉ុន្តែបើតាមការសន្និដ្ឋានដំបូងសង្ស័យថា ជនរងគ្រោះស្លាប់ដោយសារតែអំពើឃាតកម្ម ព្រោះសពមានស្នាមអារក និងចាក់សម្លាប់ ហើយនគរបាលប៉ុស្តិ៍បានរាយការណ៍បន្តទៅកាន់ការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច័យ និងបន្ដធ្វើការស្រាវជ្រាវរកមុខឃាតករយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments