ព្រៃវែង ៖ យុវជនម្នាក់លុយទឹកចំណុចផ្លូវដាច់ទៅស្រង់ស្រូវពូជដាក់លើទូក បណ្ដាលឲ្យរអិលជើងធ្លាក់ចូលទឹកជ្រៅកួចលង់ស្លាប់ បង្កការភ្ញាក់ផ្អើល។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិរៀងជើង ឃុំ-ស្រុកពោធិ៍រៀង ខេត្តព្រៃវែង វេលាម៉ោង១០និង៣០នាទី។
សមត្ថកិច្ចនគរបាលស្រុកពោធិ៍រៀងបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះហៃ ដារា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយមូលហេតុ ដែលបណ្ដាលឲ្យជនរងគ្រោះលង់ទឹកស្លាប់ គឺមកពីជនរងគ្រោះ បាននាំគ្នា២នាក់ដើរលុយទឹកទៅស្រង់ស្រូវពូជដាក់លើទូក ខណៈដើរដល់ចំណុចផ្លូវដាច់ ដែលមានជម្រៅជ្រៅ ជនរងគ្រោះរអិលជើងចូលទៅចំណុចទឹកហូរកួច ក៏បណ្តាលឲលង់ស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយពេលកើតហេតុ ភ្លាមៗផងដែរ បងប្អូនជនរងគ្រោះ និងសាច់ញាតិ បាននាំគ្នាជិះទូកមុជទឹករាវរកជនរងគ្រោះមកសង្គ្រោះផងដែរ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ សមត្ថកិច្ច បានចុះដល់ចំណុចកើតហេតុ ធ្វើការពិនិត្យកោសលវិច័យឃើញថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments