ភ្នំពេញ ៖ លោកសួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ កាលពីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានដាក់ពាក្យប្តឹងលោក សួន សេរីរដ្ឋា អតីតគណបក្សអំណាចខ្មែរ ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍សាធារណៈ ទាក់ទងនឹងករណីដែលលោក សួន សេរីរដ្ឋា ចោទប្រកាន់ថា លោក សួង សុភ័ណ្ឌ បានក្លែងហត្ថលេខា និងទាមទារសំណងជំងឺចិត្ត៥០០លានរៀល ស្មើនឹងជាង១០ម៉ឺនដុល្លារអាមេរិក។
លោក សួង សុភ័ណ្ឌ បានអះអាងប្រាប់អ្នកសារព័ត៌មាននៅខាងមុខតុលាការ បន្ទាប់ពីដាក់ពាក្យប្តឹងថា ការប្តឹងលោក សួន សេរីរដ្ឋា ពេលនេះ គឺដើម្បីស្វែងរកការពិត ជូនគណបក្សអំណាចខ្មែរ ហើយលោកប្តឹងពីបទបរិហារកេរ្តិ៍សាធារណៈតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣០៥។ លោកបញ្ជាក់ថា មូលហេតុដែលលោកប្តឹងនេះ ដោយសារលោក សួន សេរីរដ្ឋា បានចោទប្រកាន់លោកថា បានក្លែងឯកសារលិខិតលាលែង ហើយចំណុចនេះ ជាកម្មវត្ថុសំខាន់ ដែលលោក សួន សេរីរដ្ឋា បានស្នើទៅក្រសួងមហាផ្ទៃ "ខ្ញុំ និងគណបក្សមានឯកសារគ្រប់គ្រាន់ជាឯកសារ ជាសំឡេង ដែលបញ្ជាក់ថា លោក សួន សេរីរដ្ឋា ពិតជាបានលាលែងពីប្រធានគណបក្សពិតប្រាកដមែន។
ទាក់ទងនឹងការលើកឡើងរបស់លោក សួន សេរីរដ្ឋា ដែលថា លោកមិនដែលបានលាលែងពីប្រធានគណបក្សអំណាចខ្មែរនោះ លោក សួង សុភ័ណ្ឌ បានអះអាងថា “ខ្ញុំសូមបញ្ជាក់ថា បើលោក សួន សេរីរដ្ឋា មានភស្តុតាងពិតប្រាកដ ភស្តុតាងអ្វីដែលពិតប្រាកដថា ខ្ញុំបានក្លែងលិខិតលាលែង ជាធម្មតាគាត់ចោទខ្ញុំថាក្លែងលិខិតលាលែង ការចោទត្រូវតែមានភស្តុតាងដាក់បន្ទុក អាភស្តុតាងដាក់បន្ទុកហ្នឹងខ្ញុំចង់ឃើញ ចង់ឃើញថា អ្វីជាភស្តុតាងដាក់បន្ទុក ឥឡូវយើងប្តឹងចូលតុលាការហើយ បើលោក សួន សេរីរដ្ឋា អត់មានភស្តុតាងដាក់បន្ទុកទេ ចាំទទួលក្នុងពាក្យបណ្តឹងខ្ញុំប្តឹងឲ្យសងជំងឺចិត្តគណបក្សចំនួន៥០០លានរៀល ស្មើជាង១០ម៉ឺនដុល្លារ។
ចំណែកលោក សួន សេរីរដ្ឋា បានអះអាងថា “យើងអត់មានសមត្ថភាពបញ្ជាក់ថា ពិត ឬក្លែងក្លាយទេ ប៉ុន្តែក្រសួងមហាផ្ទៃ ដែលមាននាយកដ្ឋានជំនាញ និងក្រសួងជំនាញ អាចពិនិត្យដឹងហើយ ក្លែងក្លាយ ឬមិនក្លែងក្លាយ គាត់ធ្វើកោសលវិច័យដឹងឥឡូវហ្នឹង ធ្វើថ្ងៃហ្នឹងឃើញថ្ងៃហ្នឹង ធ្វើថ្ងៃស្អែកឃើញថ្ងៃស្អែក ហើយខ្ញុំច្បាស់ណាស់ថា ខ្ញុំអត់បានលាលែង ខ្ញុំអត់បានចុះហត្ថលេខា ហើយលោក ប៉ែន ស៊ាប ជាអនុប្រធាន គាត់ក៏ច្បាស់ខ្លួនឯងដែរ ចាំសួរគាត់ទៅថា គាត់បានលាលែងពីអនុប្រធានអត់ ? បានជាមានលិខិតក្រសួងមហាផ្ទៃថា គាត់បានលាលែង ហើយមានលិខិតលាលែងអត់ បើមានមែន វាជារឿងចំឡែក ពីព្រោះយើងអត់បានចុះហត្ថលេខា”។
សម្រាប់ការដាក់ពាក្យប្តឹងលោក សួន សេរីរដ្ឋា បញ្ជាក់ថា “ខ្ញុំស្វាគមន៍ ពីព្រោះខ្ញុំស៊ាំទៅហើយ សម្រាប់ខ្ញុំធ្លាប់ប្តឹងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ហើយរដ្ឋាភិបាល ក៏ធ្លាប់ប្តឹងខ្ញុំ ចាប់ខ្ញុំដាក់គុកដែរ។ ពីព្រោះអ្នកនយោបាយបើប្រើប្រាស់តុលាការ ដើម្បីតទល់គ្នា វាល្អប្រសើបំផុតហើយ កុំឲ្យតែប្រើប្រាស់អាវុធបាញ់សម្លាប់គ្នា អាហ្នឹងបានមិនអាចទទួលយកបាន ចឹងខ្ញុំសូមស្វាគមន៍ ពីបទបរិហារកេរ្តិ៍ ពីបទអ្វីក៏ដោយ សូមបញ្ជាក់ថា នៅក្នុងដៃសមាជិកក្រុមប្រឹក្សាមានឯកសាទាំងអស់ ដើម្បីដោះស្រាយគ្នា តទល់គ្នាលើផ្លូវច្បាប់”។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទមួយកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក សួន សេរីរដ្ឋា បានលើកឡើងថា លោក សួង សុភ័ណ្ឌ បានធ្វើលិខិតក្លែងក្លាយមួយ ដើម្បីបញ្ជាក់ថា លោកបានលាលែងពីតំណែងប្រធានបក្ស ហើយបានកាត់តហត្ថលេខារបស់លោកដាក់លើលិខិតក្លែងក្លាយនេះផ្សាយជាសាធារណៈ ។ លោកបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា ខ្ញុំអត់ដែលបានលាលែងពីប្រធានបក្សទេ ខ្ញុំធ្លាប់តែបានចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធឲ្យ សួង សុភ័ណ្ឌ ធ្វើជាប្រធានស្តីទី ចំពោះលិខិតលាលែងនេះ ជាលិខិតក្លែងក្លាយ”។
តាមលោក សួន សេរីរដ្ឋា “នេះជាបទឧក្រិដ្ឋមួយ ទាក់ទងបទព្រហ្មទណ្ឌ ដែលខ្ញុំបានស្នើទៅក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម គាត់ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្នើធ្វើយ៉ាងណា ឲ្យធ្វើកោសលវិច្ច័យឡើងវិញ លើលិខិតស្នាមទាំងអស់ ដែល សួង សុភ័ណ្ឌ ដាក់ទៅមហាផ្ទៃ។ លោក សួន សេរីរដ្ឋា អះអាងដែរថា “បន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ ទទួលសំណើរ ធ្វើកោសលវិច័យរួចហើយ ខ្ញុំនឹងដំណើរការទៅមួយដំណាក់កាលទៀត គឺបញ្ជូនទៅតុលាការ បញ្ជូនករណីបន្លំហត្ថលេខាខ្ញុំនេះឲ្យតុលាការចាត់ចែងតាមច្បាប់”៕
Source: Kampuchea Thmey Daily
0 Comments