ភ្នំពេញ ៖ បុរសជនជាតិកូរ៉េ២នាក់ជាឪពុក និងកូន ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់បញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងករណី ឆបោកនិងលួចប្រាក់ពីក្រុមហ៊ុនចិនមួយអស់ប្រាក់ជាង៧លានដុល្លារអាមេរិក។
ជនសង្ស័យដែលត្រូវចាប់ខ្លួនទី១ឈ្មោះ ចូ ស៊ូពិន cho so in ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M36107313។ ជនសង្ស័យទី២ឈ្មោះ ចូ សាមហ្សុង cho Samsung ភេទប្រុស អាយុ៦០ឆ្នាំ ជាឪពុក ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៥ ផ្លូវ១១២៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះ ដែលប្ដឹងជនជាតិកូរ៉េទាំង២នាក់ឪពុកកូនឈ្មោះ ជិន ជីហុង Jin zhehong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករ តំណាងអោយក្រុមហ៊ុនShenyang Aiweiou Healfh Products Co ltd មានអាសយដ្ឋានផ្ទះលេខ ២៧ ផ្លូវលេខ ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ឥឡូវនេះជនសង្ស័យទាំង២នាក់ឪពុកកូន កំពុងត្រូវបានលោកព្រះរាជអាជ្ញារងសៀង សុខ ធ្វើការសាកសួរនៅឡើយ។
ប្រភពព័ត៌មានពីអយ្យការអមសាលាដំបូងបានអោយដឹងថា ចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចិនដែលបានប្ដឹងជនជាតិកូរ៉េពីបទឆបោកមានទឹកប្រាក់ចំនួន ២៩២ ០៤៥ ដុល្លារ ប្រព្រឹត្តកាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៦ និងបទលួច មានទឹកប្រាក់ចំនួន ៧ ២០៥ ៨៨២ ដុល្លារ ប្រព្រឹត្តក្នុងឆ្នាំ២០១៧ និងបទក្លែងឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។
ពាក់ព័ន្ធករណីខាងលើនេះ ប្រភពព័ត៌មានបានអោយដឹងថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនចិន Shenyang ត្រូវការទិញរថយន្តអាមេរិកទំនើបមួយគ្រឿងម៉ាកLINCOLN NAVEGATOR Airforce one ផលិតឆ្នាំ២០១៧ ពីក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់ទទួលភ្ញៀវពិសេសក្នុងឆ្នាំ២០១៧ ដែលមានតម្លៃទីផ្សារពេលនោះ ៣០០ ០០០ ដុល្លារ ។ ស្រាប់តែពេលនោះ ឈ្មោះ ចូ ស៊ូពិន ដែលជាជំនួយការប្រធានក្រុមហ៊ុនបាននិយាយថា ឪពុករបស់គាត់ឈ្មោះ ចូ សាមហ្សុង មានបទពិសោធន៍ក្នុងការទិញនិងនាំចូលរថយន្តក្នុងតម្លៃទាបជាងក្រុមហ៊ុនTianjing គឺប្រហែលតម្លៃ ២២២ ០០០ដុល្លារប៉ុណ្ណោះ។
ពេលនោះក្រុមហ៊ុន ដែលកុម្ម៉ង់ទិញបានពន្យល់អំពីលក្ខណៈរថយន្ត ដែលទិញគឺមានបំពាក់ឧបករណ៍ទំនើបនិងកញ្ចក់ការពារគ្រាប់កាំភ្លើង។ បន្ទាប់មកពួកគេពានឯកភាពគ្នា ហើយក្រុមហ៊ុនបានផ្ទេរប្រាក់អោយចំនួន៨ដង ស្មើទឹកប្រាក់ ៣១៤ ០០០ដុល្លារ អោយចូ ស៊ូពិន និងចូ សាមហ្សុង។ លុះដល់ថ្ងៃទី ០៥ មេសា ឆ្នាំ២០១៧ ទើបពួកគេបានយករថយន្តជជុះមួយគ្រឿងមានភិនភាគប្រហាក់ប្រហែលនឹងរថយន្តដែលក្រុមហ៊ុនកុម្ម៉ង់មកអោយ ពេលនោះក្រុមហ៊ុនមិនទទួលយកឡើយ ហើយពួកគេក៏បានថានឹងយករថយន្តថ្មីមកអោយ ហើយក៏យករថយន្តជជុះនោះទៅវិញបាត់រហូតដល់ពេលនេះ។
មិនតែប៉ុណ្ណោះនៅពេលឈ្មោះ ចូ ស៊ូពិន ធ្វើជាជំនួយការរបស់នាយកក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយឈ្មោះ ចូ សាមហ្សុង ជាឪពុកបានលួចដកសាច់ប្រាក់សុទ្ធរបស់ក្រុមហ៊ុនអស់ចំនួន ៧ ២០៥ ៨៨២ដុល្លារទៀត ហើយរត់ទៅប្រទេសកូរ៉េវិញ ទើបតែថ្មីៗនេះបុរសជនជាតិកូរ៉េទាំង២នាក់ឪពុកកូនបានមករស់នៅប្រទេសកម្ពុជាវិញដោយទិញខុនដូររស់នៅ និងទិញរថយន្តមាករ៉ង់រ៉ូវើពាក់ស្លាកលេខ ខម មានអង្គរក្សការពារជិះទៀតទើបក្រុមហ៊ុនដែលរងគ្រោះបានដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments