ភ្នំពេញ ៖ តារាចម្រៀងប្រុសវ័យក្មេងរូបសង្ហាលោក សាល ចាន់ស៊ី ក្រោយពេលទីផ្សារចម្រៀងបច្ចុប្បន្នកាន់តែចាប់ផ្តើមមានសន្ទុះនៃការគាំទ្រ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់ស្រទាប់វ័យនោះ កាលពីថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ ក៏ក្តាប់បានឱកាសចេញទៅច្រៀង និងសម្តែងនៅលើទឹកដីប្រទេសអូស្ត្រាលីមានរយៈពេលប្រមាណពីរខែផងដែរ។
ការចាកចេញទៅបង្ហាញសមត្ថភាពនៅលើកទឹកដីប្រទេសអូស្ត្រាលីរបស់តារាចម្រៀងលោក សាល ចាន់ស៊ី អំឡុងពេលនេះគឺទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ដែលជាអាណិកជនខ្មែររស់នៅទីនោះ។ ម្យ៉ាងទៀត សាល ចាន់ស៊ី ក៏ទទួលបានការលើកសរសើរលើសមត្ថភាព និងអត្តចរិតរួសរាយរាក់ទាក់ទៀតផង។
ទន្ទឹមគ្នា ដែលច្បាមបានឱកាសចេញទៅរកលុយនៅប្រទេសអូស្រា្តលីនេះដែរ លោកសាន ចាន់ស៊ី បន្ទាប់ពីនៃការវិលត្រឡប់មកពីប្រទេសអូស្ត្រាលីវិញនេះដែរ ក៏ស្រាប់តែទទួលបានឱកាសថ្មីមួយទៀតគឺការចូលច្រៀងនៅក្នុងផលិតកម្មសាស្តាបង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់ទស្សនិកជន។ ខណៈអំឡុងពេលតែមួយគឺតារាចម្រៀងរូបនេះអាចជោគជ័យ និងមានឱកាស២ផ្ទួនៗគ្នាដូចពាក្យចាស់ពោលថា ក្រសោបម្តងចាប់ត្រីបានពេញដៃតែម្តង។
ស្របពេលកំពុងតែលេចវត្តមានរះលើទ្រនំផលិតកម្មសាស្តានេះដែរ តារាចម្រៀងលោក សាល ចាន់ស៊ី កាលពីប៉ុន្មានថ្ងៃមកនេះក៏ស្រាប់តែបញ្ចេញផ្សព្វផ្សាយនូវបទចម្រៀងថ្មីរបស់ខ្លួន ដែលច្រៀងនៅក្នុងផលិតកម្មសាស្តាធ្វើឲ្យមានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន។ បទរបស់លោក សាល ចាន់ស៊ី ដែលត្រូវបានចេញចរាចរណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងយូធូបនោះ មានចំណងជើងថា មានស្រីក៏មិនមានន័យថាក្បត់។
តាមរយៈបទចម្រៀងនេះដែរ ត្រូវបានសាមីខ្លួនលោក សាល ចាន់ស៊ី បញ្ជាក់ឲ្យដឹងថា ចំពោះបទ មានស្រីក៏មិនមានន័យថាក្បត់ គឺជាស្នាដៃនិពន្ធទំនុកច្រៀងនិងមេឡូឌីថ្មី។ បទនេះ និពន្ធដោយលោក សាល ចាន់ស៊ីវ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ខ្លួន។
លោកសាល ចាន់ស៊ី ក៏បានបង្ហាញក្តីរំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនព្រោះបទនេះនិពន្ធឡើងដោយមានការបង្កប់អត្ថន័យរៀបរាប់ពីមនុស្សប្រុសម្នាក់ដែលក្បត់លួចលាក់មានស្នេហាថ្មីយ៉ាងឈឺចាប់ផងនោះ៕
Source: Kampuchea Thmey Daily
0 Comments