បាត់ដំបង ៖ ក្មេងស្រីម្នាក់ ដែលទើបតែមានអាយុ១២ឆ្នាំ ហ៊ានប្រព្រឹត្តនូវអំពើមិនគប្បីទាល់តែសោះ គឺគេហ៊ានធ្វើអត្តឃាតដោយចង កសម្លាប់ខ្លួន បន្ទាប់ពីរូបគេមានការតូចចិត្តព្រោះត្រូវបានម្តាយស្តីបន្ទោសបន្តិចបន្តួច ដោយសារតែគេបានដណ្ដើមផ្លែត្របែកមួយផ្លែពីប្អូនរបស់ខ្លួន។
រឿងផ្លែត្របែកមួយផ្លែ ឈានដល់ការសម្លាប់ខ្លួននេះ បានបង្កនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រមទាំងបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ក្មេងស្រីរងគ្រោះមានឈ្មោះ តាត ស្រីលាក់ អាយុ១២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានចង កទៅនឹងធ្នឹមផ្ទះខ្លួនឯង បណ្ដាលអោយស្លាប់ ដោយមូលហេតុ ខឹងម្តាយស្ដីបន្ទោស បន្តិចបន្តួច រឿងដណ្ដើមផ្លែត្របែកជាមួយប្អូន លុះព្រលប់ក៏មានការភ្ញាក់ផ្អើលតែម្តង ដោយសារតែឃើញនាងបានចង កស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសមត្ថកិច្ចបានត្រួតពិនិត្យ ព្រមទាំងបានប្រគល់សពក្មេងស្រីទៅអោយឪពុក ម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ ព្រោះជារឿងនឹកស្មានមិនដល់ ៕
Source: Kampuchea Thmey Daily
0 Comments