Ad Code

សេចក្តី​សម្រេច​របស់​ស​ភា​សហគម​ន៍​អឺរ៉ុប គឺជា​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​យ៉ាង​កំរោល



ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យភាព​គ្រប់គ្រាន់ មិន​ស្ថិត​នៅ​ក្រោម​អាណានិគមនិយម​របស់​សហគម​ន៍​អឺរ៉ុប​ឡើយ ដូច្នេះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប គឺជា​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទាំង​កំរោល ដែល​មិនអាច​ទទួលយក​បានទេ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើង​បែបនេះ បន្ទាប់ពី​សភា​អឺរ៉ុប​បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តី​សម្រេចចិត្ត​មួយ​ស្តី​ពី​ស្ថានការណ៍​នៅក្នុង​កម្ពុជា ដោយ​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាក់​ការចោទប្រកាន់​លើ​លោក កឹម សុខា និង​បាន​ទាមទារ​ឲ្យ​មានការ​ទម្លាក់​បទចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ​នយោបាយ​ផ្សេងទៀត របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទាំង​លោក​សម រង្ស៊ី​ផងដែរ​។

ឆ្លើយ​តប​នឹង​សេចក្តីសម្រេច​នេះ លោក សុខ ឥសាន លើកឡើង​ថា ”​ប្រទេស​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យ មិនមែន​ស្ថិតនៅក្រោម​នឹម​អាណានិគមនិយម​របស់​សហគមន៍​អឺរ៉ុប​ឡើយ។ តើ​សភា​សហគម​ន៍​អឺរ៉ុប សម្រេច​សេចក្តី​លើ​បញ្ហា​កម្ពុជា​ផ្អែកលើ​ច្បាប់​ស្អី? តើ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​នៃ​សហភាព​អឺរ៉ុប​ឬ? តើ​មាន​ចែង​ពី​រឿង​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ឬទេ ? ការសម្រេច​លើ​បញ្ហា​កម្ពុជា ដោយ​មិន​ក្តាប់​បាន​បញ្ហា​ក​ម្ពុជា ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា សភា​សហគមន៍​អឺរ៉ុប​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​យ៉ាង​កំរោល​”។

តាម​លោក សុខ ឥសាន សេចក្តី​សម្រេច​របស់​ស​ភា​ហ​គម​ន៍​អឺរ៉ុប មាន​លក្ខណៈ​បណ្តោះអាសន្ន មិនអាច​យក​ទៅ​អនុវត្ត​បាន​នៅឡើយ ដោយសារ​ត្រូវ​នៅ​ឆ្លង​បណ្តា​រដ្ឋាភិបាល​ប្រទេស​២៨​នៃ​សហគមន៍​អឺរ៉ុប​សិន ហើយ​ចំណុច​មួយចំនួន​នៃ​សេចក្តីសម្រេច​នេះ មិនត្រូវ​បានទទួល​យក​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​សហគម​ន៍​អឺរ៉ុប​ឡើយ ។ បណ្តា​រដ្ឋាភិបាល​ប្រទេស​សហគមន៍​អឺរ៉ុប និង​សភា​សហគមន៍​អឺរ៉ុប នៅ​ត្រូវការ​ពេលវេលា​មួយ​ជា​កំណត់ ដើម្បី​ពិភាក្សា​តវ៉ា​គ្នា​ទៅទៀត មុន​នឹងមាន​សេចក្តី​សម្រេច​ណាមួយ​ជា​ចុងក្រោយ​។ ដូច្នេះ​ផ្អែក​តាម​គោល​ការ​ណ៍​នេះ សភា​សហគម​ន៍​អឺរ៉ុប មិន​ងាយ​នឹង​ឈាន​ដល់​គោលដៅ​ក្នុងការ​ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា បាន​តាម​បំណង​របស់ខ្លួន​ឡើយ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ សភា​អឺរ៉ុប​បាន​បោះឆ្នោត​អនុម័ត​បាន​អនុម័ត​ដោយ​លើកដៃ លើ​សេចក្តី​សម្រេចចិត្ត​មួយ ស្តី​ពី​ស្ថានការណ៍​នៅក្នុង​កម្ពុជា ដោយបាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​ការ​ប្រកាន់ និង​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​។ តាម​សេចក្តីសម្រេច​នោះ ក្រៅពី​ករណី​លោក កឹម សុខា សភា​អឺរ៉ុប​ក៏បាន​ទាមទារ​ឲ្យ​មានការ​ទម្លាក់​ចោល ការចោទប្រកាន់​លើ​ថ្នាក់ដឹកនាំ​នយោបាយ​ផ្សេងទៀត របស់​អតីត​គណបក្សប្រឆាំង ក្នុង​នោះ​មាន​លោក សម រង្ស៊ី​ផងដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu