ស្ថានីយទូរទស្សន៍BTV ជាប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកតែមួយគត់ដែលទទួលបានសិទ្ធិផ្សាយផ្ទាល់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) គ្រប់ការប្រកួតក្នុងពានរង្វាន់បាល់ទាត់ធំប្រចាំតំបន់គឺ AFF Suzuki Cup 2018 ខណៈថ្មីៗនេះប៉ុស្តិ៍នេះទើបតែដេញថ្លៃឈ្នះគេក្នុងការផ្សាយផ្ទាល់រាល់កម្មវិធីប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលធ្វើឡើងនៅឆ្នាំ២០១៨ នេះ។
ពានរង្វាន់ AFF Suzuki Cup 2018 បែងចែកកម្មវិធីប្រកួតជម្រុះជា២វគ្គដោយក្នុងនោះមានវគ្គជម្រុះបឋមនិងវគ្គជម្រុះតាមពូលមុនស្វែងរកឃើញក្រុមខ្លាំងឡើងទៅដណ្តើមជើងឯក។ ប្រកួតវគ្គជម្រុះដំបូងក្រុមទីម័រខាងកើត ត្រូវប៉ះប្រ៊ុយណេ ចំនួន២ជើងគឺប្តូរទឹកដីគ្នា។ ជាលទ្ធផលក្រុមទីម័រខាងកើត ដណ្តើមបានកៅអីឡើងទៅវគ្គជម្រុះតាមពូលជាបន្តជាមួយក្រុម៩ផ្សេងទៀត។
ក្រុមដែលចាំនៅវគ្គជម្រុះតាមពូលបានចាប់ឆ្នោតរួចរាល់គឺពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះអាចជាប្រ៊ុយណេ ឬទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។
សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា វិញនឹងប្រកួតបើកឆាកប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខណៈត្រូវប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ង់ហ្គូន រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាម នៅទីក្រុងហាណូយ។
ក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្តរជាតិចំនួន៤លើក ដោយគ្រោងធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា ប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ហើយនៅ១២ ខែតុលា ត្រូវបន្តប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើត និងនៅថ្ងៃទី១៦ ខែតុលា ប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរី។ ចុងក្រោយនៅថ្ងៃទី២ ខែវិច្ឆិកា កម្ពុជា ត្រូវបន្តប្រកួតជាមួយ ក្រុមបរទេស (មិនទាន់ប្រាកដថាក្រុមណា)។
ប៉ុស្តិ៍ទូរទស្សន៍ BTV ជាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកដែលតែងតែនាំយកទស្សនីយ៍ភាពរាល់កម្មវិធីប្រកួតធំៗជូនទស្សនិកជនជិតឆ្ងាយបានទស្សនាជាក់ស្តែងប៉ុស្តិ៍នេះផ្សាយផ្ទាល់នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ពានរង្វាន់ AFC Cup 2018 ថ្មីៗនេះជាដើម៕
Source: Kampuchea Thmey Daily
0 Comments