កណ្តាល ៖ នគរបាលក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជូន បុរសជនជាតិចិនម្នាក់ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្រី៣នាក់រងរបូសធ្ងន់ស្រាលទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកឧត្តសេនីយ៍ វ៉ែន សាវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលការងារសណ្តាប់ធ្នាប់និងចរាចរណ៍បានឲ្យដឹងថា នគរបាលក្រុងតាខ្មៅបានសម្រេចឃាត់ខ្លួនបុរសជនជាតិចិនដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាលដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី១៧ខែកញ្ញានេះ។
សូមបញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងទាំងកណ្តាលយប់ បណ្តាលឲ្យមនុស្សបីនាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈដែលក្រុមនារីរងគ្រោះជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្ន ត្រូវរថយន្តLexusបើកបរដោយជនជាតិចិន ក្នុងល្បឿនលឿនបុកចំយ៉ាងពេញទំហឹង ធ្វើឲ្យម៉ូតូហោះផ្លោងខ្ទាតជិត១០ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២និង១០នាទីយប់ ឈានចូលថ្ងៃទី១៦ កញ្ញា ២០១៨ នៅលើផ្លូវ២១ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះទី០១ឈ្មោះយឹម ស្រីរត្ន័ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិ០១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ទី០២ឈ្មោះ ស្រី លីន អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទី០៣ មិនទាន់ស្គាល់អត្តសញ្ញាណប័ណ្ណ។ អ្នកបើកបររថយន្តបង្កជាជនជាតិចិនមិនទាន់ស្គាល់អត្តសញ្ញាណប័ណ្ណ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូម៉ាកNex ពាក់ស្លាកលេខ1S-9014 ជិះគ្នាបីនាក់សុទ្ធតែស្រីៗ ក្នុងទិសដៅពីជើងទៅទិសខាងត្បូង លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្លងផ្លូវទៅទិសខាងកើត ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកLexus ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2P-9858 បើកបរដោយជនជាតិចិន និងអ្នករួមដំណើរក៏ជនជាតិចិន ក្នុងល្បឿនយ៉ាងលឿន ពីទិសដៅពីត្បូង មកទិសខាងជើង(បញ្ច្រាសទិសគ្នា) បណ្តាលឲ្យបុកចំម៉ូតូយ៉ាងពេញទំហឹង ធ្វើឲ្យម៉ូតូហោះផ្លោងខ្ទាតជិត១០ម៉ែត្រ មនុស្សទាំងបីនាក់ បានខ្ទាតទៅបោកនិងផ្លូវ រងរបួសធ្ងន់ស្រាល។
ភ្លាមៗជនរងគ្រោះទាំងបីនាក់ បានអ្នកធ្វើដំណើរដឹកយកទៅសង្គ្រោះ។ ចំណែកឯវត្ថុតាងទាំងពីរកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការក្រុងតាខ្មៅ ដើម្បីរង់ចាំដោះស្រាយនិងចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments