ភ្នំពេញ ៖ ទីភ្នាក់ងារការិយាល័យសន្និបាត និងពិព័រណ៍ថៃ បានបើកចំហអោយពាណិជ្ជករកម្ពុជាអាចយកផលិតផល និងទំនិញ ដែលផលិតនៅប្រទេសកម្ពុជាទៅចូលរួមបង្ហាញនៅទីផ្សារប្រទេសថៃដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
កញ្ញា កាណុផន ដំរង់គុល ប្រធាននាយកដ្ឋានពិព័រណ៍ថៃ នៃទីភ្នាក់ងារការិយាល័យសន្និបាតនិងពិព័រណ៍ថៃ បានមានប្រសាសន៍ក្នុងសន្និសីទមួយនៅភ្នំពេញថា ប្រទេសថៃមើលឃើញថាកម្ពុជាកំពុងមានសក្ដានុពលក្នុងការបង្ហាញនូវផលិតផល និងទំនិញដែលខ្លួនបានផលិតទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន ដូចនេះហើយទើបចង់អោយពាណិជ្ជករកម្ពុជាចូលរួមបង្ហាញនូវទំនិញរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មថៃ អោយបានច្រើន។
កញ្ញាបាននិយាយថា ក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ យើងបានរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មក្នុងប្រទេសថៃឃើញថា កំណើនអ្នកទស្សនានិងអ្នកចូលរួមបង្ហាញផលិតផលពីកម្ពុជា មានកំណើនជាលំដាប់។ ជាក់ស្ដែងក្នុងឆ្នាំ ២០១៣ ពីកម្ពុជា មានចំនួន ៣៣០នាក់ តែដល់ឆ្នាំ ២០១៧ មានអ្នកចូលរួមពីកម្ពុជារហូតដល់១.៩៤០នាក់ មានកំណើនជាង ២៧៤ភាគរយ។
កញ្ញានិយាយថា ព្រឹត្តិការណ៍ពាណិជ្ជកម្ម ដែលគាំទ្រដោយទីភ្នាក់ងាររដ្ឋាភិបាលថៃ TCEB គឺជាព្រឹត្តិការណ៍ដែលជួយដល់បណ្ដាប្រទេសចូលរួម ហើយក្នុងនោះគឺជ្រើសរើសយកតែប្រទេសក្នុងតំបន់អាស៊ាន ព្រោះដើម្បីអោយទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់អាស៊ានកាន់តែមានកំនើនច្រើនឡើង។ ក្នុងព្រឹត្តិការណ៍នេះដែរ កម្ពុជា អាចយកផលិតផល ដែលផលិតបានស្វែងរកទីផ្សារ មិនត្រឹមតែក្នុងប្រទេសថៃប៉ុណ្ណោះទេ តែអាចស្វែងរកទីផ្សារក្នុងបណ្ដាប្រទេសអាស៊ាន ដែលបានចូលរួមជាមួយក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មធំៗក្នុងប្រទេសថៃ។
យោងតាមតួលេខរបស់ស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទឹកប្រាក់សរុបជាង ៤,៦ពាន់លានដុល្លារអាមេរិក ក្នុងនោះពាណិជ្ជករកម្ពុជាឡើងទៅថៃដើម្បីរកទំនិញមកលក់ក៏កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយពាណិជ្ជករថៃ មករកស៊ីនៅកម្ពុជាក៏ច្រើន រួមទាំងទេសចរទៅវិញទៅមកក៏កើនឡើងដែរនោះ បានធ្វើអោយជើងហោះហើររវាងប្រទេសទាំងពីរកាន់តែច្រើន ទាំងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។
បើតាមលោក Kris Prumphrsid តំណាងក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវេរ បានអោយដឹងថា ដោយសារតែទំនាក់ទំនងទាំងពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា និងថៃ បានរីកចម្រើនទៅមុខជាបន្តបន្ទាប់នោះ ទើបអោយធ្វើអោយក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនបានឈរជើងនៅកម្ពុជាបានយូរ ព្រមទាំងបានពង្រីកជើងហោះហើរជាបន្តបន្ទាប់ផងដែរ ។
លោកថា សព្វថ្ងៃនេះ យើងមានជើងហើរត្រង់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅបាងកកចំនួន ៦ជើងក្នុងមួយថ្ងៃ និងពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបទៅបាងកក ៥ជើងក្នុងមួយថ្ងៃ ។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា តែងតែជំរុញអោយពាណិជ្ជករ និង ផលិតករកម្ពុជា ដែលផលិតទំនិញបានស្របតាមស្ដង់ដារ យកផលិតផលនិងទំនិញទាំងនោះទៅបង្ហាញក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដើម្បីស្វែងរកទីផ្សារបន្ថែមទៀត ក្នុងគោលដៅជំរុញដល់ការលក់ផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើន។ ជាក់ស្ដែងថ្មីៗនេះកម្ពុជាបានដឹកនាំ ពាណិជ្ជករជាច្រើនទៅបង្ហាញផលិតផលក្នុងពិព័រណ៍នាទីក្រុងណាននីងប្រទេសចិន ដោយមានការចូលរួមពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments