Ad Code

អ្នក​ប្រដាល់​ខ្មែរ​៣​រូប ត្រៀម​ជួប​ថៃ​និង​បារាំង​នៅ​សង្វៀន​Boostrong Fighter On Fire



​ឌុន រដ្ឋា អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​អេ​ភូ​ថង​កីឡា នឹងត្រូវ​ឡើង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​Chhouk Namchhai នា​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៩ មេសា ២០១៨​នេះ នៅលើ​សង្វៀន Boo strong Fighter On Fire របស់​SEA-TV ។​

Chhouk Namchhai ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​នៅឡើយ​ទេ​ពីមុនមក ។ អ្នក​ប្រដាល់​ថៃ​រូបនេះ បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​SEATV អោយដឹង​នោះ​ថា គេ​ប្រកួត​មាន​ប្លង់​តាម​លក្ខ​ណះ​បច្ចេកទេស ទាំង​កណ្តាប់ដៃ ទាំង​ជើង​ទាត់ ជង្គង់​កែង គឺ​មានកំ​ប្លេ​តែម្តង ។

យ៉ាងណា Chhouk Namchhai នេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៧០​លើក ឈ្នះ​៥៨​លើក ចាញ់​១១​លើក និង​ស្មើ ០១​លើក ។​

ឌុន រដ្ឋា អ្នក​ប្រដាល់​កម្ពុជា​យើង​វិញ ជា​អ្នក​ប្រដាល់​ចាស់វស្សា​។​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង មានចិត្ត​ប្រដាល់​ធំ ហើយ​ហ៊ាន​ប្តូរ​ជាមួយ​គូប្រកួត​ដោយ​មិន​ខ្លាចញញើត​ឡើយ ។

សម្រាប់​ការជួប​ប្រកួត​ជាមួយ​Chhouk Namchhai នេះ មិនដឹងថា ឌុន រដ្ឋា អាច​យកឈ្នះ​បាន​ឬ​អត់​នោះទេ ? ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ឌុន រដ្ឋា គេ​មិនសូវ​ជួប​សំណាងល្អ​ប៉ុន្មាន​ទេ ក្នុង​ការជួប​ប្រកួត​ជាមួយ​ថៃ​នោះ ។ បើតាម​ការកត់សម្គាល់​កន្លងមក ក្នុង​ការជួប​ថៃ​ចំនួន​១៤​លើក រដ្ឋា វាយ​ឈ្នះ​ថៃ​បានតែ​០៤​លើក​ប៉ុណ្ណោះ ។

ឌុន រដ្ឋា មានកំនត់​ត្រា​ប្រកួត​៨៥​លើក ឈ្នះ​៦៣​លើក ចាញ់​១៧​លើក និង​ស្មើ​៥​លើក ។​ដូច្នេះ ចាំមើល​រវាង​ឌុន រដ្ឋា និង Chhouk Namchhai ជួបគ្នា​លើក​ទី​១​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ ?​។​

សារឿន ច័ន្ទ អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phat Ngam ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​SEA-TV​នេះ​ទេ​កន្លងមក​។

​បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​នៅ​SEA-TV​អោយដឹង​នោះ​ថា Phat Ngam អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ខ្ពស់ជាង​សារឿន ច័ន្ទ តែ​ប្រវត្តិ​ប្រកួត​របស់គេ គឺ​តិចជាង​សារឿន ច័ន្ទ ប្រមាណ​ជាង​២០​លើក ។ Phat Ngam ប្រកួត​បាន​ចំនួន​៨៥​លើក ដោយ​ឈ្នះ​៧៣​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ ខ​ណះ​ដែល​សារឿន ច័ន្ទ អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​៩៨​លើក ឈ្នះ​៧៩​ដង ចាញ់​១៧​លើក និង​ស្មើ​០២​លើក ។​

សារឿន ច័ន្ទ ធ្លាប់​ប្រកួត​ជាមួយ​ថៃ​៣៦​លើក​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​ថៃ​ដោយ​ពិន្ទុ​១០​លើក និង​វាយ​សន្លប់​៩​លើក ហើយ​ចាញ់​ថៃ​១៧​លើក ។​ការប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ សារឿន ច័ន្ទ​វាយ​ចាញ់​Phich Ngenthong ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​៣១​មីនា​២០១៨ ។

ជា​អ្នក​ប្រដាល់​ដែលមាន​កណ្តាប់ដៃ​លឿន រហ័ស និង​ខ្លាំង​នោះ សារឿន ច័ន្ទ វាយ​មិន​ញញើត​អ្នក​ប្រដាល់​ថៃ​នោះឡើយ​។​ចាំមើល តើ​សារឿន ច័ន្ទ អាច​យកឈ្នះ Phat Ngam បាន​ឬ​អត់ ? ។​
​ចំពោះ អ្នក​ប្រដាល់​ចាន់ ចំរើន ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ស្វាគមន៍​អ្នក​ប្រដាល់​បារាំង​ឈ្មោះ Duverly​។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

ចាន់ ចំរើន ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា​ជា​ជើង​ថ្មី ព្រោះ​គេ​ទើបតែ​ជួប​ប្រកួត​ជា មួ យ​អ្នក​ប្រដាល់​បរទេស​ជា​លើក​ទី​៨​ប៉ុណ្ណោះ ហើយក៏​ជា​អ្នក​ប្រដាល់​ដែលមាន​បទពិសោធន៍​ខ្ចី​នៅឡើយ​ដែរ ។ ប៉ុន្តែ​ចាន់ ចំរើន បែរជា​អាច​វាយ​ឈ្នះ​ថៃ ច្រើនជាង​ចាញ់​ទៅវិញ ។​

ចាន់ ចំរើន មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជិត​៦០​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​៤៧ ចាញ់​១១​និង​ស្មើ​០២​លើក តែ​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ចំនួន​១២ ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា​ចំរើន​អាច​យកឈ្នះ​Duverly បាន​ឬ​អត់​នោះទេ ? ។ ចំរើន ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ វាយ​ឈ្នះ​Nuth Kor. ដោយ​ពិន្ទុ ។​

​Duverly ជា​អ្នក​ប្រដាល់​ជើង​ថ្មី តែមាន​ស្នៀត​ទាត់​និង​កណ្តាប់ដៃ​ល្អ​។​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​ទេ​កន្លងមក គឺ​ទើបតែ​មកលើ​ក​ទី​១ ជួប​ចាន់ ចំរើន​នេះឯង ។ ទោះជា​យ៉ាងណា ចាន់ ចំរើន មិនអាច​មើលស្រាល​ចំពោះ​Duverly នេះឡើយ ។​ចាំមើល Duverly និង​ចាន់ ចំរើន តើន​រណា​ជា​អ្នកឈ្នះ​នោះ​?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu