នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់សត្រូវគឺទីក្រុងតេរ៉ង់ថាមានឃ្លាំងបរមាណូសម្ងាត់ហើយបានសន្យាថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរទេ។
លោក Benjamin Netanyahu បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា “អ៊ីរ៉ង់មិនបានបោះបង់ចោលគោលបំណងរបស់ខ្លួនក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ”។ លោក Netanyahu តែងតែប្រើមហាសន្និបាតប្រចាំឆ្នាំនេះដើម្បីផ្តោតលើប្រទេសអ៊ីរ៉ង់។
លោកបាននិយាយថា “អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យរបបមួយដែលអំពាវនាវឲ្យមានការបំផ្លិចបំផ្លាញដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ។ មិនមែនឥឡូវនេះ មិនមែន១០ឆ្នាំទៀតមិនមែនជារៀងរហូត។ អ៊ីស្រាអែលនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់”។ នាយករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា “អ្វីដែលអ៊ីរ៉ង់លាក់ អ៊ីស្រាអែលនឹងរកឃើញ”។
អ៊ីស្រាអែលបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក រុស្ស៊ី ចិននិងបណ្តាប្រទេសអឺរ៉ុបក្នុងឆ្នាំ២០១៥និងបានអបអរសាទរលោកប្រធានាធិបតី Donald Trump សម្រាប់ការដើរចេញពីកិច្ចព្រមព្រៀងនេះ។
លោក Netanyahu បានបើកសុន្ទរកថារបស់លោកដោយអះអាងថា ប្រទេសអ៊ីរ៉ង់មានឃ្លាំងបរមាណូសម្ងាត់មួយនៅក្នុងទីក្រុងតេរ៉ង់។ លោកបានលើកឡើងបែបនេះដោយមានកាន់ផែនទីនិងរូបថតនៃបរិវេណដែលលោកបានជំរុញឲ្យទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិពិនិត្យមើល។
លោកបាននិយាយថា “ថ្ងៃនេះខ្ញុំសូមបង្ហាញជាលើកដំបូងថា ប្រទេសអ៊ីរ៉ង់មានកន្លែងសម្ងាត់មួយផ្សេងទៀតនៅក្នុងទីក្រុងតេរ៉ង់ដែលជាឃ្លាំងបរមាណូដ៏អាថ៌កំបាំងសម្រាប់រក្សាទុកគ្រឿងបរិក្ខាដ៏ធំសម្បើមនិងសម្ភារៈពីកម្មវិធីអាវុធនុយក្លេអ៊ែរសម្ងាត់របស់អ៊ីរ៉ង់”។
លោកក៏បានអះអាងផងដែរថា កងជីវពលនិកាយស៊ីអ៊ីត Hezbollah លីបង់ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់បានដាក់ទីតាំងមីស៊ីលចំនួនបីនៅក្បែរព្រលានយន្តហោះក្រុងបេរូត។ លោកបានកាន់នូវអ្វីដែលលោកហៅថាជា “រូបភាពនៃកាំជ្រួចមីស៊ីលរាប់ពាន់គ្រាប់”។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ក្រោយមកបានចំអកមើលងាយការចោទប្រកាន់របស់ Netanyahu ដោយនិយាយថា ការអះអាងពីមុនៗរបស់អ៊ីស្រាអែលគឺមិនផ្អែកលើការពិនិត្យពិច័យទេនៅពេលមានការស៊ើបអង្កេតដោយភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិទេ៕ AFP
[caption id="attachment_981864" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments