ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានប្រកាសស្វាគមន៍ និងគាំទ្រគោលជំហរដ៏ត្រឹមត្រូវរបស់លោក ដូណាល់ ត្រាំ ដែលបានអះអាងថា លោករីករាយ នឹងធ្វើការជាមួយកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែស៊ីជម្រៅ ហើយលោកប្រធានាធិបតី ក៏បានសម្តែងការភ្ញាក់ផ្អើល ចំពោះការរីកចម្រើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងបែបនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំអាមេរិក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
លោក សុខ ឥសាន ថ្លែងថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ និងគាំទ្រគោលជំហរដ៏ត្រឹមត្រូវរបស់លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានថ្លែងនៅចំពោះមុខ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដែលថា លោករីករាយ នឹងធ្វើការជាមួយកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែស៊ីជម្រៅ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ក៏បានសម្តែងការភ្ញាក់ផ្អើល ចំពោះការរីកចម្រើននៃកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
តាមលោក សុខ ឥសាន “ការមានប្រសាសន៍ ដ៏មានអត្ថន័យ និងមានតម្លៃចំពោះសភាពការណ៍កម្ពុជា ដែលលោកប្រធាណាធិបតី មានឆន្ទៈចង់ធ្វើការជាមួយកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងសហរដ្ឋអាមេរិក និងកម្ពុជា កាន់តែស៊ីជម្រៅនោះ គឺជាការផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតតាមឆន្ទៈរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ដែលឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងពិតប្រាកដ។
គោលជំហរដ៏ត្រឹមត្រូវរបស់លោកប្រធានាធិបតីសរអានាពេលនេះ ផ្ទុយស្រឡះពីសំដី និងការផ្សាយរបស់ក្រុមជ្រុលនិយមមួយចំនួន ដែលតែងតែបំភ្លៃការពិត និងមួលបង្កាច់សភាពការណ៍កម្ពុជា ធ្វើខ្លួនជាខ្មាំងសត្រូវរបស់កម្ពុជា និងធ្វើខ្លួនជាអាមេរិកជាងអាមេរិកទៅទៀត ផ្ទុយពីជំហររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក”។
ជាមួយគ្នានោះ លោក សុខ ឥសាន ក៏បានប្រសិទ្ធពរឲ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងអាមេរិក កាន់តែត្រូវបានពង្រឹងពង្រីក រឹងមាំ ឥតឈប់ឈរ សមស្របតាមបំណងប្រាថ្នានៃប្រជាជនប្រទេសទាំងពីរ។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានទទួលជួបលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំអាមេរិក ហើយនៅក្នុង ជំនួបនោះ លោកបានលើកឡើងថា ការអញ្ជើញមកដល់របស់ឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងវ៉ាស៊ីនតោន ពិតជាមានសារៈសំខាន់នៅក្នុងកម្រិតជាច្រើន។ វាមានអត្ថន័យបញ្ជាក់អំពីទំនាក់ទំនង ដែលត្រូវបានស្ដារឡើងវិញ ក្នុងរយៈកាលជាង២៥ឆ្នាំ ដែលយើងទទួលបាន បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកបញ្ជាក់ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលប្រទេសកម្ពុជាសម្រេចបានក្នុងពេលនេះ គឺគួរឲ្យភ្ញាក់ផ្អើលណាស់ ហើយសហរដ្ឋអាមេរិក មានមោទនភាព ដែលជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍន៍នេះ។
លោក ដូណាល់ត្រាំលើកឡើងទៀតថា “យើងដឹងថា កម្ពុជាមានសក្តានុពលសម្រាប់កិច្ចអភិវឌ្ឍន៍ធំធេងជាងនេះ នៅក្នុងអនាគត ហើយយើងមានក្តីរីករាយធ្វើការជាមួយគ្នា។ នៅចំពោះមុខការប្រឈម និងកាលានុវត្តភាពជាច្រើនអនេក។ យើងមានការរំពឹងថា នឹងមានការរីកចម្រើនក្នុងពាណិជ្ជកម្មសេរី និងត្រឹមត្រូវ សន្តិសុខតំបន់ និងអភិបាលកិច្ច ប្រកបដោយការទទួលខុសត្រូវ និងប្រជាធិបតេយ្យ ហើយយើង នឹងខិតខំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាលទូទៅ។ ខ្ញុំរីករាយនឹងធ្វើការជាមួយលោក ដើម្បីជំរុញរបៀបវារៈរួមរបស់យើង ហើយនិងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត”៕
Source: Kampuchea Thmey Daily
0 Comments