Ad Code

ម្ចាស់​ហាង​ណា​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ជក់បារី​ក្នុង​ហាង ​នឹងត្រូវ​ទទួល​ការផាកពិន័យ​៤​ម៉ឺន​រៀល​ក្នុង​មួយ​លើក



ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​អះអាងថា​ ក្រសួងសុខាភិបាល​នឹង​ផាកពិន័យ​ទឹកប្រាក់​ចំនួន​៤​ម៉ឺន​រៀល​ក្នុង​មួយ​លើក​ទៅលើ​ម្ចាស់​ហាង ភោជនីយដ្ឋាន ឬ​សណ្ឋាគារ​ទាំ ង​ឡាយ​ណា ដែល​បណ្តោយ​ឲ្យ​ភ្ញៀវ​ជក់បារី​នៅក្នុង​ទីតាំង​របស់ខ្លួន។

​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ភាពជា​អ្នកដឹកនាំ​ក្នុងការ​អនុវត្តន៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ នៅ​សាលាខេត្ត​ប៉ៃលិន​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ លោក​វេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា «​យើង​មាន​ក្រុម​អធិការកិច្ច​ជាង​៥០០​នាក់ សម្រាប់​ធ្វើការ​ទៅលើ​ច្បាប់​អនុក្រឹត្យ ហើយ​បើសិនជា​ជន​ណា​ល្មើស​ជក់បារី ក្នុង​តំបន់ហាមឃាត់​ នឹងធ្វើ​ការ​ផាកពិន័យ​ម្នាក់ ២​ម៉ឺន​រៀល។ លើស​ពី​នោះ​បើ​ចាប់បាន​អ្នក​ជក់បារី​ក្នុង​ភោជនីយដ្ឋាន ឬ​សណ្ឋាគារ នឹងត្រូវ​ផាកពិន័យ​គុណ​នឹង​២​ដង ទៅលើ​ម្ចាស់​ហាង​តែម្តង ដែល​ស្មើ​៤​ម៉ឺន​រៀល​ក្នុង​មួយដង​»​។​

លោក​វេជ្ជបណ្ឌិត​បា​ន​បន្ថែម​ថា ដើម្បី​កាត់បន្ថយ​អ្នក​ស្លាប់ និង​ឈឺ​ដោយសារ​ការ​ជក់បារី និង​ការ​ស្រូប​ផ្សែង​បារី ក្រសួងសុខាភិបាល បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ពិសេស​រាជរដ្ឋាភិបាល បាន​បង្កើត​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​មាន​តំណាង​ពាក់ព័ន្ធ​ចំនួន ២០​ក្រសួង ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ពង្រឹង និង​អនុវត្តន៍​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព។

អង្គការសហប្រជាជាតិ បាន​ទទួលស្គាល់ថា ការប្រើប្រាស់​ថ្នាំជក់ ជា​ឧបសគ្គ​មួយ​រារាំង​ដល់​ការសម្រេចបាន គោលដៅ​អភិវឌ្ឍន៍ ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ដល់​សុខភាព សេដ្ឋកិច្ច យេនឌ័រ និង​បរិស្ថាន​ជាដើម។

យោងតាម​របាយការណ៍ អង្គការ​សុខភាព​ពិភពលោក ថ្នាំជក់​សម្លាប់​មនុស្ស ៧.២​លាន​នាក់​ក្នុង​មួយឆ្នាំៗ ដោយ​ក្នុង​នោះ​មាន ៨០​ភាគរយ​នៃ​អ្នក​ស្លាប់​ទាំងនោះ នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​

ការប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​ហើយ​ចំពោះ​ការអង្កេត​ស្រាវជ្រាវ​ទូទាំងប្រទេស រៀងរាល់​៥​ឆ្នាំ​ម្តង ស្តីពី​ការប្រើប្រាស់​ថ្នាំជក់ ក្នុងចំណោម​មនុស្ស ពេញវ័យ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ បាន​ថយ​ចុះ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​គឺ​បុរស​ថយ​ចុះ​មក​នៅ​១៣,៦៨​ភាគរយ​ពោល​គឺ​ពី​៤៨,៩៨​ភាគរយ មក​នៅ​ត្រឹមតែ​៣៥,៣​ភាគ​ចំណែក​ស្ត្រី​ថយ​ចុះ​មក​នៅ​៨,៩៣​ភាគរយ​ពោល​គឺ​ពី​២០,៥៣​ភាគរយ មក​នៅ​ត្រឹម​តែ ១១,៦​ភាគរយ​។​

គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ ​មាន​ប្រជាជន​កម្ពុជា​ប្រមាណ ២​លាន​នាក់ កំពុង​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ដោយ​បាន​ចំណាយ​ថវិកា​ប្រមាណ ២០១.៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទិញ​បារី​និង​ប្រមាណ ១៦២.៧​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ទៅលើ​ការ​ព្យាបាល​ជំងឺ​ព្រមទាំង​ការបាត់បង់​កម្លាំង​ពលកម្ម​បណ្តាល​មកពី​ជំងឺ​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​ថ្នាំជក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu