ព្យុះទីហ្វុងដ៏ខ្លាំងមួយកំពុងឆ្ពោះដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃសុក្រ ខណៈភ្នាក់ងារអាកាសធាតុបានព្រមានថា ព្យុះនេះនឹងវាយប្រហារប្រទេសនេះ នៅចុងសប្តាហ៍ ដោយនាំមកជាមួយខ្យល់បក់យ៉ាងខ្លាំងនិងភ្លៀងធ្លាក់ឥតឈប់ឈរ។
ព្យុះទីហ្វុង Trami ដែលមានល្បឿនអតិបរមា១៦២គីឡូម៉ែត្រក្នុងមួយម៉ោងកំពុងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកដោយធ្វើចលនាយឺតៗឆ្ពោះទៅកាន់កោះភាគខាងត្បូងរបស់ប្រទេសជប៉ុន។
លោក Sakiko Nishioka មកពីភ្នាក់ងារឧតុនិយមបានប្រាប់ AFP ថា “ខណៈដែលវាត្រូវបានព្យាករណ៍ថានឹងឆ្លងកាត់ប្រទេសជប៉ុនក្នុងល្បឿនលឿននោះ យើងកំពុងជំរុញឲ្យប្រជាជនមានការប្រុងប្រយ័ត្ន”។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះទីហ្វុងនេះកំពុងធ្វើដំណើរយឺតៗទៅទិសនិរតីប៉ុន្តែត្រូវបានគេរំពឹងថានឹងបែរទៅទិសខាងកើតដោយចូលទៅជិតកោះអូគីណាវ៉ានិងអាម៉ាមីនៅថ្ងៃសៅរ៍។ ទីភ្នាក់ងារនេះនិយាយថា “សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់បក់ខ្លាំង រលកខ្ពស់និងភ្លៀងធ្លាក់ជោគជាំ”។
បន្ទាប់ពីទម្លាក់ទឹកភ្លៀងនៅកោះឆ្ងាយៗ ព្យុះទីហ្វុងនេះត្រូវបានគេព្យាករណ៍ថានឹងបង្កើនល្បឿនហើយទៅជិតភាគខាងលិចប្រទេសជប៉ុននៅថ្ងៃអាទិត្យដោយនៅតែរក្សាកម្លាំងខ្លាំង។
ក្រុមហ៊ុនអាកាសចរណ៍ធំចំនួនពីរដូចជា JAL និង ANA បានចាប់ផ្តើមលុបចោលជើងហោះហើរក្នុងស្រុករួចទៅហើយ។
ប្រសិនបើការព្យាករណ៍នេះពិតមែននោះ វានឹងក្លាយជាព្រឹត្តិការណ៍ចុងក្រោយបង្អស់នៃគ្រោះធម្មជាតិដ៏អាក្រក់បំផុតដែលវាយប្រហារប្រទេសជប៉ុន។
តំបន់ភាគខាងលិចនៃប្រទេសជប៉ុននៅតែកំពុងងើបឡើងវិញពីព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតមួយដែលបានសម្លាប់មនុស្សចំនួន១១នាក់និងបិទព្រលានយន្តហោះធំក្នុងតំបន់នៅដើមខែកញ្ញា។
ភ្លៀងធ្លាក់ខ្លាំងក្នុងកំណត់ត្រាក៏បានវាយលុកភាគខាងលិចប្រទេសជប៉ុនផងដែរនៅដើមឆ្នាំនេះហើយប្រទេសនេះបានជួបប្រទះរដូវក្តៅដ៏ក្តៅបំផុតក្នុងកំណត់ត្រា។
នៅក្នុងខែកញ្ញានេះផងដែរ ការរញ្ជួយដីកម្រិត៦.៦រ៉ិចទ័របានវាយប្រហារកោះហុកកៃដូភាគខាងជើងដែលបណ្តាលឲ្យមានការបាក់ដីនិងធ្វើឲ្យមនុស្សជាង៤០នាក់ស្លាប់៕ AFP
Source: Kampuchea Thmey Daily
0 Comments