ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្ត្រីចិន ព្រមទាំងគណៈប្រតិភូនៃប្រទេសពិព័រណ៍ចិន-អាស៊ាន បានអញ្ជើញក្នុងពិធីដាំដើមឈើជាមិត្តភាព នៅក្នុងរមណីយដ្ឋានលីយ័ន ក្រុងណាននីង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលជាផ្ទះសំណាក់រដ្ឋរបស់តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលរៀបចំធ្វើឡើងនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
មេដឹកនាំនៃប្រទេសអាស៊ាន-ចិន បានចាត់ទុកការដាំដើមឈើនេះ គឺជានិម្មិតរូបនៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ រវាងអាស៊ាន-ចិន ក៏ដូចជាការជំរុញកំណើនពាណិជ្ជកម្មនិងការវិនិយោគរវាងអាស៊ាន និង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីទាំងមូលផងដែរ។
បន្ទាប់មកនៅក្នុងរាត្រីថ្ងៃនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាពិព័រណ៍វប្បធម៌ ចិន-អាស៊ាន ដែលស្ថិតក្នុងសួនកម្សាន្ត Fantawild Asian Legend ក្នុងទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី។
សម្តេចតេជោនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូទាំងអស់បានទស្សនាយ៉ាងយកចិត្តទុកដាក់នូវរចនាប័ទ្មនៃសួនកម្សាន្ត Fantawild Asian Legend ក្នុងនោះ អ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវក្បូរក្បាច់រចនានៃមហាប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកម្សាន្តនេះ គឺដើម្បីបង្ហាញពីអរិយធម៌ និង ទំនៀបទម្លាប់ប្រពៃណី សាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន។
នៅក្នុងពិធីនោះដែរ សម្តេចតេជោនិងគណៈប្រតិភូបានអញ្ជើញទស្សនាឯកសារគំនូរជីវចល 3D មានរយៈពេល ១៣ នាទី ស្តីពីសកម្មភាពនៃការកសាងអាណាចក្រអង្គររបស់ព្រះរាជាណាចក្រកម្ពុជាដែលរៀបចំសម្រិតសម្រាំង យ៉ាងល្អឥតខ្ចោះពីអ្នកដឹកនាំរឿងរបស់ប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកថា នោះ គឺជាស្នាដៃសិល្បៈថ្មីមួយទៀតដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្សជំនាន់ក្រោយពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា សួននេះទើបនឹងកសាងថ្មីបន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៍ ចិន-អាស៊ាន សួននេះនឹងបើកឲ្យប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាកម្សាន្ត ព្រោះថាទីនេះមានភាពទាក់ទាញខ្លាំងណាស់សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរ អន្តរជាតិនានា ដែលទៅកម្សាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ៕
Source: Kampuchea Thmey Daily
0 Comments