Ad Code

កូរ៉េ​ទាំងពីរ​ បើក​ការិយាល័យ​ទំនាក់ទំនង​រួមគ្នា​ក្នុងប្រទេស កូរ៉េខាងជើង



ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បាន​បើក​ការិយាល័យ​ទំនាក់ទំនង​រួមគ្នា​មួយ​នៅ​ទីក្រុង Kaesong របស់​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​សុក្រ​ ខណៈដែល​ពួកគេ​ខិតខំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ទៅ​ទីក្រុង​ព្យុងយ៉ាង​នៅ​សប្តាហ៍​ក្រោយ​។​

រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​លោក Cho Myoung-gyon បាន​ប្រាប់​ពិធី​មួយ​ថា “​ជំពូក​ថ្មី​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​បាន​បើក​នៅទីនេះ​នៅថ្ងៃនេះ​។ ការិយាល័យ​ទំនាក់ទំនង​នេះ​គឺជា​និមិត្តរូប​មួយទៀត​នៃ​សន្តិភាព​ដែល​បង្កើត​រួមគ្នា​ដោយ​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​”​។​

ក្រសួង​បង្រួបបង្រួម​បាន​និយាយថា អាគារ​នេះ​រួមមាន​ការិយាល័យ​ដាច់ដោយឡែក​ពីគ្នា​រវាង​កូរ៉េខាងជើង​និង​ខាងត្បូង​និង​បន្ទប់​សន្និសីទ​រួមមួយ​ហើយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការដោះដូរ​ឆ្លងកាត់​ព្រំដែន​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នៅ​ភូមិ Panmunjom រវាង​លោក​មូ​ន​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​។​

ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​ព្យុងយ៉ាង​បាន​ស្វះ​ស្វែងរក​គម្រោង​រួមគ្នា​ក្នុង​វិស័យ​ជាច្រើន​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​កាលពី​ខែមេសា​របស់​ពួកគេ​នៅក្នុង​តំបន់​គ្មាន​យោធា​ដែល​បែងចែក​ឧបទ្វីប​នេះ​ថ្វីបើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាមេរិក​ដើម្បី​ធានា​ឲ្យ​មាន​វឌ្ឍនភាព​ជាក់លាក់​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បាន​ជាប់គាំង​ក៏ដោយ​។​

លោក មូ​ន នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​រដ្ឋធានី​របស់​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​អង្គារ​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​ដែល​នឹង​ជា​លើក​ទី​៣​របស់លោក​ជាមួយនឹង​លោក​គីម​ក្នុងឆ្នាំនេះ​បន្ទាប់ពី​លោក​បានរៀបចំ​ឲ្យ​មានការ​វិវត្តន៍​ផ្នែក​ការទូត​យ៉ាង​ឆាប់រហ័ស​នៅលើ​ឧបទ្វីប​នេះហើយ​លោក​បាន​សម្របសម្រួល​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​រវាង​មេដឹកនាំ​កូរ៉េខាងជើង​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​។​

នៅ​ទីនោះ លោក គីម បាន​គាំទ្រ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ប៉ុន្តែ​មិនមាន​សេចក្តីលម្អិត​ត្រូវបាន​ព្រមព្រៀង​ឡើយ​ហើយ​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ព្យុងយ៉ាង​មាន​មន្ទិលសង្ស័យ​អំពី​អត្ថន័យ​និង​របៀប​ដែល​វា​នឹងត្រូវ​សម្រេចបាន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu