ភ្នំពេញ ៖ តារាសម្តែងប្រុសមានប្រជាប្រិយភាពលោក អ៊ឹម ជីវ៉ា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៨នេះ បានបន្តសកម្មភាពមនុស្សធម៌តាមរយៈការចូលរួមចែកអាហារដល់ប្រជាពលរដ្ឋ ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត Beat Richner និងអ្នកនាំកូនតូចៗរបស់ខ្លួនមកសម្រាកនិងទទួលការព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាដែលត្រូវបានមហាជនទូទៅស្គាល់ថាជាមន្ទីរពេទ្យផ្នែកកុមារដ៏ធំជាងគេនៅប្រទេសកម្ពុជា។
លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា ថ្ងៃនេះខ្ញុំយកអំណោយមកចែកនៅមន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំដោយមានការចូលរួមដោយ ៖ លោកជំទាវ ប៉ុណ្ណា ដារី , លោកស្រី ប៉ុណ្ណា ទេវី ,កញ្ញា សារ៉ាន់ ម៉ូនីតា ,កញ្ញា អ៊ុង នីនិច បានយកអំណោយមានបាយចំនួន ៨១៦កញ្ចប់ ,ទឹកក្រូចចំនួនចំនួន៨១៦កំប៉ុង ទឹកសុទ្ធ៨១៦ដប ,ជូនថវិកាដល់កងកម្លាំងការពារចំនួន២៦នាក់ក្នុងម្នាក់ៗម៉ឺនរៀល និងចូលរួមបច្ច័យបុណ្យសពលោកបណ្ឌិត Beat Richnerចំនួន៣២៥ដុល្លារបន្ថែមទៀត។
តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបន្តថា ចំពោះគោលបំណងដែលយើងខ្ញុំទាំងអស់គ្នាធ្វើឡើងនេះគឺទី១- ជាការគំនិតពី លោកជំទាវ ប៉ុណ្ណា ដារី ពិគ្រោះយោបល់ជាមួយខ្ញុំរួមជាមួយក្រុមការងារទាំងអស់ គួរធ្វើបែបណា ទើបសក្ដិសម និងកុំអោយខ្វះដើម្បីចែកជូនដល់កុមារតូចៗនិងឪពុកម្តាយអ្នកដែលមកថែជំងឺ បានទទួលទានឆ្ងាញ់គ្រប់ៗគ្នាព្រមទាំងមានការចូលរួមគ្នាម្នាក់បន្តិចបន្តួចឬមិនថាតាមកម្លាំងកាយនោះឡើយ គឺអាចចូលរួមបានទាំងអស់។
លោក អ៊ឹម ជីវ៉ា បញ្ជាក់ថា រីឯផ្នែកទី២-គឺដើម្បីចូលមកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត Beat Richner នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។យើងខ្ញុំទាំងអស់គ្នាពិតជាមានការចូលរួមសោកស្តាយ អាឡោះអាល័យយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោកបណ្ឌិត Beat Richnerព្រោះស្ទើរមួយជីវិតលោកបណ្ឌិតបានលះបង់លះបង់ពេលវេលារជួយដល់កុមារកម្ពុជាច្រើនរាប់មិនអស់ ហើយការបាត់បង់លោកបណ្ឌិតគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុតដែលកម្រនឹងរកបាន។ សូមដួងវិញ្ញាណក្ខន្ឋរបស់លោកបណ្ឌិតទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត៕
Source: Kampuchea Thmey Daily
0 Comments