Ad Code

ជនសង្ស័យ​បំពុល​លោក Skripal និយាយថា ពួកគេ​នៅ​ចក្រភព​អង់គ្លេស​ក្នុងនាម​ជា​អ្នកទេសចរ​ហើយ​បដិសេធ​ការប៉ុនប៉ង​ឃាតកម្ម



ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បុរស​ពីរ​នាក់​ ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​ក្រុង​ឡុង​ដ៍​ពីបទ​បំពុល​អតីត​ចារកម្ម​របស់​ក្រុង​មូ​ស្គូ​លោក Sergei Skripal បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​ប៉ុនប៉ង​ធ្វើឃាត​។​

ថ្លែង​ជាមួយ​ប្រមុខ​នៃ​បណ្ដាញ​ព័ត៌មាន RT ដែល​គាំទ្រ​ដោយ​វិមាន​ក្រឹម​ឡាំង អ្នក​ទាំងពីរ​បានបញ្ជាក់​ថា ពួកគេ​គឺជា​បុរស​នៅក្នុង​រូបភាព​ដែល​អាជ្ញាធរ​អង់គ្លេស​បាន​បញ្ចេញ​នៅ​ខែ​នេះ​ប៉ុន្តែ​បាន​ទទូចថា ពួកគេ​កំពុងធ្វើដំណើរ​កម្សាន្ត​ទីក្រុង Salisbury របស់​ប្រទេស​អង់គ្លេស​ក្នុងនាម​ជា​អ្នកទេសចរ​។​

សេវា​សន្តិសុខ​អង់គ្លេស​បានដាក់​ឈ្មោះ​បុរស​ទាំងពីរ​ថា Alexander Petrov និង Ruslan Boshirov ប៉ុន្តែ​បាន​និយាយថា ឈ្មោះ​ទាំងនេះ​អាចជា​ឈ្មោះ​ក្លែងក្លាយ​។​

នៅក្នុង​បទសម្ភាសន៍​រយៈពេល​២៥​នាទី បុរស​ទាំងពីរ​បាន​និយាយថា ទាំងនេះ​គឺជា​ឈ្មោះ​ពិត​របស់​ពួកគេ​ប៉ុន្តែ​បាន​ទទូចថា ពួកគេ​មិនបាន​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​ចារកម្ម​យោធា GRU របស់​រុស្ស៊ី​ដូចដែល​អង់គ្លេស​បាន​អះអាង​នោះទេ​។​
RT បាន​ផ្សាយ​ថា បុរស​ទាំងនេះ​មើលទៅ​មាន​អារម្មណ៍​តានតឹង​ហើយ​បែកញើស​នៅពេល​ពួកគេ​និយាយ​។ ពួកគេ​ទាំងពីរ​នាក់​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​ហើយ​ពួកគេ​ពាក់អាវ​ពណ៌​ខៀវ​ដែល​ដូចគ្នា​ស្ទើរតែ​ទាំងស្រុង​។​

ស្ថានីយ​ទូរទស្សន៍​នេះ​បាន​ថត​បទសម្ភាសន៍​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន និយាយថា ប្រទេស​រុស្ស៊ី​បានកំណត់​អត្តសញ្ញាណ​បុរស​ដែល​ស្វែងរក​ដោយ​ចក្រភព​អង់គ្លេស​បាន​ហើយ​និង​បាន​ជំរុញ​ឲ្យ​អ្នក​ទាំងពីរ​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

លោក ពូ​ទីន បាន​និយាយថា “​ពួកគេ​គឺជា​ជន​ស៊ីវិល​”​។ លោក​បាន​បន្ថែមថា មិនមាន​បទឧក្រិដ្ឋ​អ្វី​ពាក់ព័ន្ធ​នឹង​ពួកគេ​ទេ​។​

ការប៉ុនប៉ង​ធ្វើឃាត​លោក Skripal បាន​បង្ក​ឲ្យ​មានការ​ប្រៀបធៀប​ទៅនឹង​ការបំពុល​លើ​អ្នក​រិះគន់​វិមាន​ក្រឹម​ឡាំង​លោក Alexander Litvinenko ជាមួយនឹង​សារធាតុ​ប៉ូ​ឡូ​ញ៉ូ​ម​វិទ្យុសកម្ម​ខ្ពស់​នៅ​ទីក្រុង​ឡុង​ដ៍​ក្នុង​ឆ្នាំ​២០០៦​។​

វិមាន Downing Street របស់​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ហៅ​បទសម្ភាសន៍​របស់ RT ថា​ជា “​ការប្រមាថ​ដល់​ចារកម្ម​សាធារណៈ​”​។​

អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី Theresa May បាន​និយាយថា “​សំខាន់​ជាងនេះទៅទៀត ពួកគេ​កំពុង​ប្រមាថមើលងាយ​យ៉ាងខ្លាំង​ដល់​ជនរងគ្រោះ​និង​អ្នក​ដែល​រងគ្រោះ​ក្នុងការ​វាយប្រហារ​ដ៏​សាហាវ​នេះ​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu