ភ្នំពេញ ៖ តារាចម្រៀងប្រុសរបស់ផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ ថ្មីៗនេះ បានទទួលរងនូវរឿងរ៉ាវដ៏អាម៉ាស់មួយ ក្រោយពេលលោកត្រូវបានតារាចម្រៀងប្រុសជំនាន់ក្រោយរបស់ផលិតកម្មថោនចេញមុខរិះគន់ និងប្រតិកម្មជាសាធារណៈ ដោយប្រកាសថា តារារៀមច្បងរូបនេះ បានលួចបទចម្រៀងរបស់ខ្លួនមកច្រៀងដោយគ្មានសុំសិទ្ធិ។
តារាចម្រៀងប្រុសរាមប្អូនដែលបច្ចុប្បន្នកំពុងជ្រកក្រោមផលិតកម្មថោនគឺលោក Hak Record បានបញ្ចេញសាររិះគន់ចំៗលើតារាចម្រៀងលោក ខាន់ ជេមស៍ ដោយមិនសំចៃមាត់និងលើចោទជាសំនួរថាតើការយកបទចម្រៀងរបស់ខ្លួនមកច្រៀងចេញនៅលើផលិតកម្មសាន់ដេនេះលោក ខាន់ ជេមស៍ មានបានសុំសិទ្ធិអនុញ្ញាតពីខ្លួនឬទេ?។លោកក៏ចាត់ទុកថាករណីនេះគឺជាការបំពានយ៉ាងពេញទំហ្នឹង។
តារាចម្រៀងវ័យក្មេងលោក Hak Record បានបញ្ជាក់ទៅកាន់លោកខាន់ ជេមស៍ថាតើបងឯង (ខាន់ ជេមស៍) យកបទខ្ញុំទៅច្រៀង មានសុំការអនុញ្ញាតពីខ្ញុំមួយម៉ាត់ដែរទេ? តើមានយល់ពីខ្ញុំទេ? បើច្រៀងទៅខ្ញុំក៏មិនថាអ្វីដែរ តែបងបំពានខ្ញុំ ដាក់ឈ្មោះអ្នកនិពន្ធទំនុកច្រៀង និង Melody ដោយអ្នកផ្សេង ហើយប្ដូរចំណងជើងខ្ញុំទៀត។ បែបនេះហៅថា មើលងាយខ្ញុំហើយ។
ការបញ្ចេញប្រតិកម្មរបស់តារាចម្រៀងប្រចាំផលិតកម្មថោនលោក Hak Record ខាងលើនេះបានផ្ទុះឡើងស្របពេលដែលផលិតកម្មសាន់ដេកាលពីថ្មីៗនេះបានទម្លាយផ្សព្វផ្សាយបទចម្រៀងមានចំណងជើងថា សុំទោសដែលចាកចេញ របស់លោក ខាន់ ជេមស៍ ខណៈដែលចំណងជើងបទដំបូងរបស់លោក Hak Record គឺ សុំទោស។ តាមរយៈបទចម្រៀងដែលគ្រាន់តែខុសចំណងជើងគ្នានេះនៅក្នុងអត្ថន័យនិងសាច់ភ្លេងគឺមានលក្ខណៈដូចគ្នា ទាំងស្រុង។
ថ្វីត្បិតតែមានការបញ្ចេញប្រតិកម្មរិះគន់និងប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមដូច្នេះក៏ពិតមែនគិតរហូតមកទល់គេនៅពុំទាន់ឃើញមានប្រតិកម្មណាមួយពីខាងភាគីសាមីខ្លួនលោក ខាន់ ជេមស៍ និងផលិតកម្មសាន់ដេដើម្បីបញ្ជាក់អំពីករណីនេះឡើយទេ៕
Source: Kampuchea Thmey Daily
0 Comments