Ad Code

ធនាគារអភិវឌ្ឍន៍អាស៊ី​ ៖ កម្ពុជា​បន្ត​រក្សា​កំណើនសេដ្ឋកិច្ច​រឹងមាំ ដោយសារ​ការនាំចេញ និង​តម្រូវការ​ក្នុងស្រុក



ភ្នំពេញ​ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អះអាង​ថា ផលិតផល​សរុប នៅក្នុង​ស្រុក​របស់​កម្ពុ​ជា នឹង​បន្ត​រក្សា​កំណើន​រឹងមាំ នៅក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដែល​នាំ​ឲ្យ​មានការ​រំពឹង​ទុក​ថា ការនាំចេញ និង​ការប្រើប្រាស់ នឹង​មាន​លទ្ធផល​ល្អប្រសើរ ព្រមទាំង​ធ្វើ​ឲ្យ​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ នេះ​បើតាម​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី​២៦ ខែកញ្ញា។



នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា អ្នកស្រី​ស៊ុន​នី​យ៉ា ឌុ​រ៉ានី ចា​ម៉ា​ល (Sunniya Durrani – Jamal) បាន​លើកឡើងថា “​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​រឹងមាំ ដោយសារតែ​កំណើន​ការនាំចេញ​ដ៏​រឹងមាំ ការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ តម្រូវការ​ក្នុងស្រុក​មាន​សន្ទុះ​ខ្លាំងក្លា និង​ការពង្រីក​គោលនយោបាយ​សារពើ​ពន្ធ ប៉ុន្តែ​កំណើន​ប្រាក់​ឈ្នួល​ដ៏​ឆាប់រហ័ស ដោយ​ពុំ​មាន​កំណើន​ផលិតភាព អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុងស្រុក​ចម្បង​មួយ ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ដទៃទៀត ដែល​បន្ត​ពឹង​អាស្រ័យ​លើ​កម្លាំង​ពលកម្ម​ដែលមាន​ថ្លៃឈ្នួល​ទាប​”​។

សេចក្ដីប្រកាស​នេះ​បន្ថែម​ថា ការ​កើនឡើង​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ដោយសារតែ​ការ​បង្កើន​ការ​វិនិយោគ​សាធារណៈ និង​បៀវត្ស​សម្រាប់​វិស័យ​សាធារណៈ ក៏​ជា​កត្តា​មួយ​ជួយ​រុញ​ច្រាន​សេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ផង​ដែរ​។ ជា​មួយ​គ្នា​នេះ ADB បាន​បន្ត​ថា ការ​នាំ​ចេញ​របស់​កម្ពុជា នៅក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨ បាន​កើនឡើង​ចំនួន​១៣,៣​ភាគរយ ខណៈ​ការ​នាំចូល​បាន​កើន​ឡើងដល់​២៥,៧​ភាគរយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu