ក្នុងចំណោមកីឡាករជាច្រើនរូបដែលត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដាក់ឲ្យមហាជនបោះឆ្នោតគាំទ្រលើហ្វេសប៊ុករបស់ខ្លួន អស់រយៈពេលកន្លងមក នៅពេលបានធ្វើដំណើរដល់វគ្គជម្រុះជុំចុងក្រោយហើយដោយ គេឃើញថាមានតែកីឡាករ១០នាក់ប៉ុណ្ណោះ ដែលទទួលបានចំនួនគាំទ្រច្រើនជាងគេនៅក្នុងពានរង្វាន់«កីឡាករសង្ហាជាងគេប្រចាំឆ្នាំ»។
ពានរង្វាន់នេះនឹងប្រកាសលទ្ធផលនៅក្នុងកម្មវិធី CAMBODIAN FOOTBALL AWARD នៅចុងរដូវកាលនេះ។ ជាលទ្ធផលកីឡាករ១០នាក់ដែលសល់ក្នុងបញ្ជីជម្រុះបឋមនោះមានចាន់ វឌ្ឍនាកា របស់បឹងកេត ឆេង ម៉េង របស់ណាហ្គាវើល លី វ៉ាហេទ របស់បឹងកេត រស់ សំអឿន របស់វិសាខា Alexandre You របស់ភ្នំពេញក្រោន កែវ សុខផេង របស់វិសាខា Harley Williard របស់ព្រះខ័នរាជស្វាយរៀង ប្រាក់ សុវណ្ណពិសិដ្ឋ របស់ព្រះខ័នរាជស្វាយរៀង ព្រីង ចិត្រា របស់អាស៊ីអឺរ៉ុប និង Kazuteru Okamoto របស់អង្គរថាយហ្គឺរ។
សម្រាប់ការប្រកួតប្រជែងនៅដំណាក់កាលទី២នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ កញ្ញា ដល់ថ្ងៃទី២៦ កញ្ញា ហើយកីឡាកររូបណាទទួលបានការចុចចូលចិត្ត (Like) ច្រើនជាងគេ នឹងឡើងទៅកាន់ដំណាក់កាលទី៣។ ចំណែកដំណាក់កាលទី៣ឬដំណាក់កាលចុងក្រោយនេះនឹងដាក់ឲ្យប្រកួតប្រជែងយក Like ពីចន្លោះថ្ងៃទី២៨ កញ្ញា ដល់ថ្ងៃទី២៨ តុលា ឆ្នាំ២០១៨។
គេចាំនៅក្នុងថ្ងៃនៅក្នុងព្រឹត្តិការណ៍ «ពានរង្វាន់បាល់ទាត់កម្ពុជាប្រចាំឆ្នាំ (Cambodia Football Award» ដែលរៀបចំឡើងដោយ CNCC កាលពីដើមឆ្នាំបានចែកពានរង្វាន់ជាច្រើនដល់ម្ចាស់ជយលាភីដែលពាក់ព័ន្ធខណៈម្ចាស់ពានរង្វាន់«កីឡាករដែលសង្ហាជាងគេ» បានទៅកីឡាករ លី វ៉ាហេទ របស់ក្រុមបឹងកេត ដែលកាលនោះទទួលបានការគាំទ្រលើហ្វេសប៊ុកច្រើនជាងគេ។
លោក ឆាំង ពិសិដ្ឋ អគ្គលេខាធិការរបស់ CNCC ធ្លាប់បានបញ្ជាក់ជុំវិញកម្មវិធី CAMBODIAN FOOTBALL AWARD ថា «យោងតាមថ្នាក់ដឹកនាំ ការបង្កើតពានរង្វាន់នេះឡើងដើម្បីលើកទឹកចិត្តនិងផ្ដល់តម្លៃដល់កីឡាករ ក្លិបនីមួយៗ គ្រូបង្វឹក មន្ត្រីរៀបចំការប្រកួតនិងអ្នកពាក់ព័ន្ធផងផ្សេងទៀត ដែលតែងតែខិតខំប្រឹងប្រែងកន្លងមកដល់ដើម្បីបាល់ទាត់យើង។ ព្រឹត្តិការណ៍នេះយកលំអានតាមលំអានរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ខណៈយើងរំពឹងថានឹងវិវត្តន៍ឲ្យកាន់តែរីកចម្រើននៅថ្ងៃខាងមុខ»៕
Source: Kampuchea Thmey Daily
0 Comments