Ad Code

ចំណុច​សំខាន់ៗ​ចំនួន​១០ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​អំពាវនាវ​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ប្រកាន់យក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​



ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ បាន​អំពាវនាវ​ឲ្យ​ប្រ​ប្រាស់​ផ្លូវ​ទាំងអស់​ប្រកាន់យក​ចំណុច​សំខាន់ៗ​ចំនួន​១០ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ នេះ​បើ​តាម​សេចក្តីអំពាវនាវ​ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​។

សេចក្តី​អំពាវនាវ​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក​ឡើង​ថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​កោតសរសើរ​ប្រកបដោយ​ក្តី​មោទនភាព​ជាទីបំផុត ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែលមាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុសផុល​ក្នុង​ពេល​ធ្វើ​ចរាចរណ៍ រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការ​បាត់​បង់ជីវិត រង​របួស និង​ការខូចខាត​ទ្រព្យសម្បត្តិ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នា​ពេល​កន្លងទៅ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​យូរអង្វែង ហើយ​វា​អាច​កើតឡើង​ភ្លាមៗ ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ​មានការ​ធ្វេសប្រហែស ឬ​ខ្ជីខ្ជា​មិន​គោរព​ច្បាប់​។



ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ យានយន្ត​ធ្វើ​ចរាចរ នឹង​មាន​កំណើន​កើនឡើង​ខ្ពស់​ខុស​ប្រក្រតី ដែល​អាច​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​កកស្ទះ​ចរាចរណ៍ ដូច​ក្នុងករណី​បុណ្យ​នាពេល​កន្លងទៅ​។ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានធ្វើការ​អំពាវនាវ​ដល់​សាធារណជន ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ចំនួន​១០​ចំណុច​សំខាន់ៗ​។



ទី​១, ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​ជានិច្ច​ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​កង​ជំ​ពោះ​ក្រាំង​ភ្លើង​បំភ្លឺ​ជាដើម ទី​២, សូមកុំ​ទុក​អ្នកដំណើរ​ឬ​ទំនិញ​លើស​កំណត់​ចំពោះ​យានយន្ត​ដឹក​អ្នកដំណើរ​ឬ​ដឹក​កម្មករ​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ​ឬ​កម្មករ​លើ​ដំបូង​និង​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុង​ឱកាស​នេះ ទី​៣, ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត ទី​៤, ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច ទី​៥, ត្រូវគោរព​សិទ្ធិ​អាទិភាព​គោរព​សញ្ញា​ចរាចរណ៍​និង​ប្រកាន់​ស្ដាំ​ជានិច្ច ទី​៦, មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត ទី​៧, មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត ទី​៨, មិនត្រូវ​បត់​ ឬ​ វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន​ឬ​ធ្វេសប្រហែស ទី​៩, មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាពរ​ងុ​យ​ដេក​ជាដាច់ខាត ទី​១០, ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ប្រកបដោយ​សី​លធ​ម៌​យោគយល់​អធ្យាស្រ័យ​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម និង​ជឿជាក់​លើ​ស្មារតី​ចូលរួម​គោរព​អនុវត្ត​ច្បាប់ ក៏ដូចជា​អនុវត្ត​សេចក្តី​អំពាវនាវ​នេះ ពី​សំណាក់​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប ដើម្បី​នាំមក​នូវ​សុវត្ថិភាព និង​សេចក្តី​រីករាយ​ជាមួយ​ក្រុម​គ្រួសារ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu