Ad Code

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​អ្នកម៉ៅការ​សំណង់​ទាំងអស់​ត្រូវ​បណ្តុះបណ្តាល​ដល់ក​ម្មករ​សំណង់​ជា​មុនសិន​មុននឹង​អនុញ្ញាត​ឲ្យ​ធ្វើការ



ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឲ្យ​អ្នកម៉ៅការ​សំណង់​ត្រូវ​បណ្តុះបណ្តាល​ដល់ក​ម្មករ​សំណង់​ជាមុនសិន​មុននឹង​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅតាម​ការដ្ឋាន​នានា​ដើម្បី​ធានា​សុ​វត្តិភាព​និង​គុណភាព​សំណង់​។

ថ្លែង​ក្រោយ​បញ្ចប់​ជំនួប​រវាង​លោក​បណ្ឌិត អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដា ល​វិជ្ជាជីវៈ និង​លោក ជី​រ៉ូ កា​វ៉ា​សា​គី​សមាជិកសភា​និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ការងារ និង​សុខុមាលភាព​ជប៉ុន​ទទួលបន្ទុក​លើ​សកម្មភាព​អង្គការ​អន្តរជាតិ​ខាង​ការងារ វិស័យ​សុខភាព​និង​សុវត្ថិភាព​ការងារ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ កញ្ញា​ នៅ​ទីស្តីការ​ក្រសួង លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បន្តថា​ ការ​បញ្ជ្រាប​ចំណេះដឹង​ដល់​កម្មករ​សំណង់​នេះ ​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​ជំរុញ​ឲ្យ​ការងារ​ឲ្យ​បាន​លឿន​ឆាប់រហ័ស​ផងដែរ។

លោក​បាន​បន្ថែម​ទៀត​ថា ​បច្ចុប្បន្ន​វិស័យ​សំណង់​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដោយ​កម្មករ​ត្រូវ​ធ្វើការ​នៅ​តាម​អគារ​ខ្ពស់ៗ​និង​មានការ​លើកដាក់​អីវ៉ាន់​ធ្ងន់ៗ​ហើយ កន្លងមក​មាន​កម្មករ​មួយចំនួន​រង​របួស ​ហើយ​ខ្លះទៀត​មាន​គ្រោះថ្នាក់​រហូតដល់​អាយុជីវិត​ដោយសារតែ​ធ្លាក់​ពីលើ​អគារ​និង​សំណង់​ផ្សេងៗ។



លោក​បាន​ស្នើ​ឲ្យ​អ្នកម៉ៅការ​សំណង់​ ឬ​ ម្ចាស់​សំណង់​ទាំងអស់​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​កម្មករ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ទៀត​ទាក់ទង​នឹង​សុវត្ថិភាព​ការងារ​សំដៅ​ឈាន​ទៅ​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក ឡេង តុង​បាន​មានប្រសាសន៍​ទៀត​ថា ក្រសួង​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ក៏ដូចជា​គោលនយោបាយ​ផ្សេងៗ​ទៀត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ការងារ ក្នុង​វិស័យ​សំណង់ ក្នុង​ការ​ធានា​បាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យនេះ​។

លោក ជី​រ៉ូ កា​វ៉ា​សា​គី​សមាជិកសភា​និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ការងារ និង​សុខុមាលភាព​ជប៉ុន​ ទទួលបន្ទុក​លើ​សកម្មភាព​អង្គការ​អន្តរជាតិ​ខាង​ការងារ វិស័យ​សុខភាព​និង​សុវត្ថិភាព​ការងារ​បាន​មានប្រសាសន៍ថា​ ជប៉ុន​នឹង​បន្ត​គាំទ្រ​គម្រោង​នេះ​ជា​បន្ត​ទៀត ​ដើម្បី​ជួយ​លើកកម្ពស់​សុវត្ថិភាព​ដល់​កម្មករ​នៅក្នុង​វិស័យ​សំណង់​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

លោក ស៊ីវ ផេង អគ្គលេខាធិការ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​បាន​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​ក្រសួង​ការងារ​នេះ​ព្រោះ​បាន​ជួយ​ឲ្យ​កម្មករ​ដែល​ធ្វើការ​នៅ​តាម​ការដ្ឋាន​សំណង់​បាន​យល់ដឹង​ពី​របៀប​ពាក់មួក​សុវត្ថិភាព ស្រោម​ដៃ ស្រោមជើង​និង​សុវត្ថិភាព​ការងារ​នៅ​អគារ​ខ្ពស់ៗ​ជាដើម​ទទួល​បាន​សុខ​សុវត្ថិភាព​បាន​ល្អ ​ខណៈ​បច្ចុប្បន្ន​វិស័យ​សំណង់​កំពុងមាន​ការ​រីកដុះដាល​ខ្លាំង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu