សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ដោយសារតែជិះម៉ូតូបុកនគរបាលចរាចរណ៍កំពុងអនុវត្ត កិច្ចការរឹតបន្តឹងច្បាប់សុវត្ថិភាពចរាចរណ៍នៅមុខផ្សារលើធំថ្មី ហើយគ្រានោះឆែកក្នុងខ្លួនមានគ្រឿងញៀនចំនួន៤កញ្ចប់តូចក្នុងហោប៉ៅផងដែរ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចកន្លែងរឹតបន្តឹងសុវត្ថិភាព ចរាចរណ៍ផ្លូវគោកមុខផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
អធិការរងនគរបាលក្រុងសៀមរាប គឺលោកវរសេនីយ៍ត្រី ឆឹងសុភា បានឲ្យដឹងថា មានករណីជើងខ្លាំងរត់ម៉ូតូឌុប មិនចូលរួមគោរពច្បាប់ចរាចរណ៍ហើយល្មើសមិនពាក់មួកសុវត្ថិភាពដើម្បីការពារអាយុជីវិតរបស់គាត់ ហើយបានបើកល្បឿនលើសទៅបុកប៉ូលិសចរាចរណ៍ដែលកំពុង អនុវត្ត កិច្ចការរឹតបន្តឹងច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅត្រង់ចំណុចកើតហេតុខាងលើនេះ ក្នុងពេលនោះ ត្រូវបានត្រួតពិនិត្យមានសារធាតុញៀននិងម្សៅគ្រាប់ពណ៌សគ្រឿងញៀនចំនួន៤កញ្ចប់តូចក្នុងហោប៉ៅអាវរបស់គាត់ផងដែរ។
លោកបន្តថា ជនសង្ស័យមានឈ្មោះតន់ រិទ្ធិសក្ត អាយុ១៧ឆ្នាំ មុខរបររត់ម៉ូតូ ឌុប រស់នៅភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្តថា ជនសង្ស័យខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ស្លរក្រាម ដើម្បីបញ្ជូនទៅឲ្យនគរបាលជំនាញចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments