Ad Code

ស្ថាប័ន​ព្រឹទ្ធសភា​អបអរ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ដែល​សម្តេច​ត្រូវបាន​អង្គ​រដ្ឋសភា នីតិកាល​ទី​៦ បោះឆ្នោត​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី ដើម្បី​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា



ភ្នំពេញ​៖ ក្នុងនាម​សមាជិក សមាជិកា​ព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​នូវ​ការ​អបអរសាទរ​ដ៏​កក់ក្តៅ​បំផុត​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​ដែល​សម្តេច​ត្រូវបាន​អង្គ​រដ្ឋសភា នីតិកាល​ទី​៦ បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី ដើម្បី​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​អាណត្តិ នីតិកាល​ទី​៦​នេះ​បន្ត​។​

សារលិខិត​អបអរ​របស់​ព្រឹទ្ធសភា​ចុះ​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​២០១៨ បាន​សង្កត់ធ្ងន់ថា ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជូន​សម្តេច​ចក្រី ហេង សំរិន និង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដើម្បី​បន្ត​ដឹកនាំ​រដ្ឋសភា និង​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ការឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដ៏​ច្រើន​លើសលប់ ដែល​បានបង្ហាញ​ឆន្ទៈ​តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​។ ក្នុងនាម​សមាជិក សមាជិកា​ព្រឹទ្ធសភា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ប្រទេសជាតិ​ពិតជា​ទទួលបាន​នូវ​ការ​ឯកភាព​ទឹកដី ការ​បង្រួបបង្រួម​ជាតិ មាន​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ប្រជាជន​រួមរស់​ជា​មហា​គ្រួសារ ប្រកបដោយ​សុភមង្គល និង​វិបុលភាព។ កិត្យានុភាព​ជាតិ និង​ឧត្តមភាព នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជា​កាន់តែ​ត្រូវបាន​លើកកម្ពស់​នៅក្នុង​ក្របខណ្ឌ​តំបន់ និង​ពិភពលោក​តាម​សកម្មភាព​ការទូត​ដ៏​ប៉ិនប្រសព្វ និង​ឈ្លាសវៃ​របស់​សម្តេច​។​

ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ សម្តេច​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្រុង​លោក សូមមេត្តា​តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​មាន​ជន្មាយុ​យឺនយូរ សុខភាព​បរិបូរណ៍ និង​សូម​សម្រេច​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុង​ដំណើរ​ការដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្ពោះ​ទៅ​កាន់​សុខ​សន្តិភាព ស្ថិរភាព សម្បូណ៌​សប្បាយ រុងរឿង និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជា​និរន្តរ៍​ត​រៀង​ទៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu