Ad Code

ឪពុក​ក្មេក​ទាញ​កាំបិត​ផ្គាក់​កាប់​កូនប្រសា ​របួសធ្ងន់ ដោយសារ​កូនប្រសា​ដៀល​ពូជ​អំបូរ



កំពង់ធំ​ ៖ ​ផ្ទុះ​រឿង​ឪពុក​ក្មេក និង​កូនប្រសា ក្នុង​រង្វង់​គ្រួសារ​កសិករ​មួយ ឈាន​ដល់​ការប្រើប្រាស់​អំពើហិង្សា​ដាក់គ្នា ដោយសារតែ​ទំនាស់​ពាក្យសំដី​រវាង កូនប្រសា និង​ឪពុក​ក្មេក បណ្តាល​ឲ្យ​ឪពុក​ក្មេក​ខឹង​ច្រឡោ​ច នឹង​កូនប្រសា ជេរ​ដៀមដាម ដៀល​ពូជ​ដៀល​អំបូរ ទើប​ទាញ​កាំបិត កាប់​ព្រមាន​ឲ្យ​ស្គាល់​ដៃ ដើម្បី​ឲ្យ​រាងចាល។

ដោយសារតែ​កំហឹង​ពុះកញ្ជ្រោល ចំពោះ​ការ​ជេរប្រមាថ​របស់​កូនប្រសា​មិនបាន ទើប​ឪពុកក្មេក​ប្រើ​ហិង្សា​ដោយ​ចេតនា យក​កាំបិតផ្គាក់​កាប់​កូនប្រសា​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ កាលពីវេលា​ម៉ោង​១៨​និង​៣៥​នាទី​ នៅ​ថ្ងៃទី​២៥ ​ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​នៅ​ភូមិសង្វាត ឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ហិង្សា​នេះ ​បង្កឡើង​ជន​សង្ស័យ​ឈ្មោះ​ប្រាក់ សឺ​យ ភេទ​ប្រុស អាយុ៥៤​ឆ្នាំ ​ទីលំនៅ ភូមិ​កើតហេតុ​ខាងលើ បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ព្រិន ប្រាជ ភេទប្រុស អាយុ​៣៨ឆ្នាំ​ (​ត្រូវជា​កូនប្រសា​) បណ្តាល​ឲ្យ​របួស​ក្បាល​លើ​ស្លឹកត្រចៀក​ខាងឆ្វេង​(​របួសធ្ងន់​)​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

​មូលហេតុ ខឹង​នឹង​ជនរងគ្រោះ រករឿង​កូន​របស់​គាត់​និង​ជេរប្រមាថ​ដៀល​ពូជ​អំបូរ ថា​លោក​ឪពុក​ក្មេក មិនចេះ​ប្រដៅ​កូនចៅ​ទើប​បណ្តាល​ឲ្យ លោកឪពុក​ក្មេក​ឈួល​ច្រមុះ ខឹង​នឹង​សំដី​ចោរ​ម្សៀត​របស់​កូនប្រសា ហើយក៏​ឈានដល់​ប្រើ​ហិ​ង្សា​តែម្តង។

ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​យើង​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ក្រយា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu