ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតអោយលោក វូ វ៉េតៅ (Wu weitao) ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawai ប្រចាំតំបន់អាស៊ីអាគ្នេយ៍ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ។
នៅក្នុងជំនួបនោះ លោក វូ វ៉េតៅ (Wu weitao) បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ការសិក្សាគម្រោងមេនៃប្រព័ន្ធព័ត៌មានវិទ្យា ក្នុងប្រទេសកម្ពុជាគ្រោងនឹងបញ្ចប់ក្នុងពេលដ៏ខ្លី ខាងមុខ ពិសេសពាក់ព័ន្ធទៅសុវត្ថិភាព សន្តិសុខអ៊ីនធើណែត ។ លោកប្រធានមានប្រសាសន៍បន្តថា ជាមួយនឹងវត្តមានក្នុងប្រទេសកម្ពុជាដែលមានរយៈពេល ១៩ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់លោកបានធ្វើការបណ្តុះបណ្តាលជូនដល់មន្ត្រីរាជរដ្ឋាភិបាល និង ក្រុម ហ៊ុនបានជាងមួយពាន់នាក់ ដោយឡែកបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោកមានប្រាក់បៀវត្សចាប់ពី ១ ពាន់ដុល្លាឡើងទៅ។ ជាមួយគ្នានេះក្រុមហ៊ុនមានគម្រោងវិនិយោគបន្ថែមទៀតបន្ទាប់ពីផែនការរបស់ក្រុមហ៊ុនត្រូវបានបញ្ចប់ហើយនោះ។
ក្រុមហ៊ុន Huawai បច្ចុប្បន្នកំពុងវិនិយោគលើវិស័យទូរគមនាគមន៍នៅកម្ពុជា ក្នុងការតខ្សែបណ្តាញខ្សែកាបក្រោមបាតសមុទ្រ និង បច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងការជួយរាជរដ្ឋាភិបាលរៀបចំ រដ្ឋាភិបាលអេឡិចត្រូនិច ( E-Govorvement) និង( E-Commerce) ពិសេសគឺការជួយរាជរដ្ឋាភិបាលរៀបចំប្រព័ន្ធសុវត្ថិភាពសន្តិសុខអ៊ីនធើណែត ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន Huawai ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចក៏បានស្នើឲ្យក្រុមហ៊ុនធ្វើការសិក្សាឲ្យបានស៊ីជម្រៅ ពិសេសទាក់ទិន ទៅនឹងបញ្ហាសន្តិសុខអ៊ីនធើណែត ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់បំផុតនោះ៕
Source: Kampuchea Thmey Daily
0 Comments