Ad Code

អតីត​នាយករដ្ឋមន្ត្រី​លោក Nawaz ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​តាម​ការ​បង្គាប់​របស់​តុលាការ



អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Nawaz Sharif ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​បន្ទាប់ពី​តុលាការ​បាន​ផ្អាក​ទោស​ជាប់ពន្ធនាគារ​របស់​គាត់​ពី​បទ​ពុករលួយ​ដើម្បី​រង់ចាំ​សវនាការ​បណ្តឹង​ឧទ្ធរណ៍។

លោក Sharif ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​កាលពី​ឆ្នាំមុន​ដោយ​តុលាការ​កំពូល​ពាក់ព័ន្ធ​អំពើពុករលួយ​គឺ​ត្រូវបាន​ដោះលែង​រួមជាមួយ​នឹង​កូនស្រី​របស់គាត់។

លោក Sharif និង​នាង Maryam Nawaz ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកក្កដា​នៅពេល​វិលត្រឡប់​ពី​ទីក្រុង​ឡុង​ដ៍​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត។

អ្នកគាំទ្រ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ពន្ធនាគារ Adiala ក្នុង​ទីក្រុង Rawalpindi ដើម្បី​រង់ចាំ​ការដោះលែង​របស់​ពួកគេ។

អ្នកគាំទ្រ​រាប់ពាន់នាក់​បាន​ស្រែកថា “​នាយករដ្ឋមន្ត្រី Nawaz Sharif!” នៅ​ខាងក្រៅ​តុលាការ​ជាន់ខ្ពស់​ក្រុង​ឥ​ស្លា​ម៉ា​បាដ​បន្ទាប់ពី​ការសម្រេចចិត្ត​ត្រូវបាន​ប្រកាស​។​

យ៉ាងណាក្តី​តុលាការ​មិនទាន់​ចេញ​សេចក្តី​វិនិច្ឆ័យ​លម្អិត​អំពី​ការសម្រេចចិត្ត​នេះ​នៅឡើយ​ទេ​។​
​វា​មិន​ច្បាស់​ទេ​ថា​នៅពេលណា​ទើប​បណ្តឹងឧទ្ធរណ៍​រប​ស់លោក Sharif នឹងត្រូវ​ប្រកាស​។ ក្រុម​ឃ្លាំមើល​ប្រឆាំង​អំពើពុករលួយ​មាន​សិទ្ធិ​ទៅ​តុលាការ​ជាន់ខ្ពស់​ដើម្បី​តវ៉ា​នឹង​សេចក្តីសម្រេច​ដោះលែង​កាលពី​ថ្ងៃ​ពុធ​។​

តុលាការ​ប្រឆាំង​អំពើពុករលួយ​កាលពី​ខែកក្កដា​បាន​កាត់ទោស​លោក Sharif ដោយ​កំបាំងមុខ​ឲ្យ​ជាប់ពន្ធនាគារ​រហូតដល់​១០​ឆ្នាំ​និង​កូនស្រី​របស់គាត់​រយៈពេល​៧​ឆ្នាំ​ពាក់ព័ន្ធ​អចលនទ្រព្យ​ដែល​ពួកគេ​ជា​ម្ចាស់​កម្មសិទ្ធិ​នៅ​ចក្រភព​អង់គ្លេស​បន្ទាប់ពី​មានការ​លាតត្រដាង​នៅក្នុង​រឿងអាស្រូវ​ប៉ា​ណា​ម៉ា។

លោក Sharif បាន​អះអាងថា លោក​ត្រូវ​បានកំណត់​គោលដៅ​ដោយ​ក្រុម​សន្តិសុខ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​នេះ​។ គណបក្ស Pakistan Muslim League-Nawaz (PML-N) របស់គាត់​បាន​ចាញ់ឆ្នោត​នៅ​ថ្ងៃទី​២៥​ខែកក្កដា​ដោយ​ថ្វីដៃ​បក្សប្រឆាំង Pakistan Tehreek-e-Insaf ដែល​ដឹកនាំ​ដោយ​អតីត​វិ​រ​បុរស​កីឡា​គ្រី​ក​ឃី​ត​លោក Imran Khan៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu