អតីតទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលទំនាក់ទំនងរបស់គាត់ជាមួយប្រទេសរុស្ស៊ី បានបង្កឲ្យមានការស៊ើបអង្កេតលើការឃុបឃិតជាមួយទីក្រុងមូស្គូនោះគឺត្រូវជាប់ពន្ធនាគារកាលពីថ្ងៃសុក្រពីបទនិយាយកុហកចំពោះ FBI។
ចៅក្រមអាមេរិកលោក Randolph Moss បានផ្តន្ទាទោសជំនួយការគោលនយោបាយការបរទេសលោក George Papadopoulos ឲ្យជាប់ពន្ធនាគាររយៈពេល១៤ថ្ងៃដោយកត់សម្គាល់ថា លោកបានកុហកនៅក្នុងការស៊ើបអង្កេតមួយដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិ។
លោក Papadopoulos គឺជាមនុស្សទីពីរហើយដែលត្រូវបានគេបញ្ជាឲ្យដាក់ពន្ធនាគារនៅក្នុងការស៊ើបអង្កេតរយៈពេល១៦ខែលើការឃុបឃិតរបស់រុស្ស៊ីដោយរដ្ឋអាជ្ញាពិសេសលោក Robert Mueller ហើយបានកើតឡើងពីរសប្តាហ៍បន្ទាប់ពីអតីតជំនួយការកំពូលពីររូបរបស់លោក Trump ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋមួយក្នុងករណីដែលកើតចេញពីការស៊ើបអង្កេតនេះ។
លោក Trump បានសើចចំអកចំពោះការកាត់ទោសនេះដោយលើកឡើងថា វាជាការសម្រេចដ៏ថោកទាបសម្រាប់ការស៊ើបអង្កេតមួយដែលបានចំណាយប្រាក់អស់រាប់លានចាប់តាំងពីវាបានចាប់ផ្តើមនៅក្នុងខែឧសភាឆ្នាំ២០១៧មក។
លោក Trump បានបង្ហោះ Twitter ថា “១៤ថ្ងៃចំណាយអស់២៨លានដុល្លារ។ ២លានដុល្លារក្នុងមួយថ្ងៃ។ គ្មានការឃុបឃិតទេ។ ជាថ្ងៃដ៏អស្ចារ្យសម្រាប់អាមេរិក!”។
ប៉ុន្តែសមាជិកព្រឹទ្ធសភាលោក Mark Warner ដែលជាអ្នកប្រជាធិបតេយ្យជាន់ខ្ពស់នៅគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាបានអបអរសាទរចំពោះការងាររបស់លោក Mueller ។
លោក Warner បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា “បើទោះបីជាមានការវាយប្រហារជាប្រចាំដោយលោកប្រធានាធិបតីនិងសម្ព័ន្ធមិត្តរបស់គាត់ក៏ដោយ ក៏ប៉ុន្តែលោក Robert Mueller និងក្រុមការងាររបស់គាត់បានបង្ហាញជាថ្មីម្តងទៀតថា ពួកគេកំពុងធ្វើការស៊ើបអង្កេតយ៉ាងស៊ីជម្រៅនិងប្រកបដោយជំនាញវិជ្ជាជីវៈលើទំនាក់ទំនងនៃយុទ្ធនាការរបស់លោក Trump ជាមួយរុស្ស៊ីក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០១៦”។
លោក Papadopoulos អាយុ៣១ឆ្នាំគឺជាអ្នកវិភាគប្រេងគ្មានបទពិសោធន៍ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏នៅពេលគាត់ចូលរួមក្នុងយុទ្ធនាការរបស់លោក Trump នៅខែមីនាឆ្នាំ២០១៦ក្នុងនាមជាសមាជិកមួយរូបនៃក្រុមប្រឹក្សាភិបាលផ្នែកសន្តិសុខជាតិរបស់បេក្ខជនគណបក្សសាធារណរដ្ឋ៕ AFP
Source: Kampuchea Thmey Daily
0 Comments