អ្នកប្រដាល់កម្ពុជា២រូប និងអ្នកប្រដាល់ថៃ២រូប នឹងជួបប្រកួតគ្នានៅក្នុងជុំជម្រុះលើកដំបូង នៃព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាម លើសង្វៀនSEA-TV ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។
អ្នកប្រដាល់កម្ពុជា២រូបនោះ គឺមាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃKev Kongvan ហើយអ្នកប្រដាល់ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរី វង្សកីឡា ត្រូវជួបប្រកួតជាមួយKeng Kat ។ នេះជាការប្រកួតជម្រុះលើកទី១ របស់ពួកគេទាំង៤ ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ Wurkz រដូវកាលទី២ទម្ងន់៦៧គីឡូក្រាម។
រវាង មាជ សុខរ៉ា និង Kev Kongvan នេះ ពុំធ្លាប់ដែលជួបគ្នាទេពីមុនមក ។ Kev Kongvan គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានលើកហើយកន្លងមក ។ អ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងជើងចាស់នៅស្រុកថៃ នៅក្នុងប្រភេទទម្ងន់៦៧គ.ក្រនេះ ។Kev Kongvan មានកំនត់ត្រាប្រកួតចំនួន៨៥លើក ឈ្នះ៦៧លើក ចាញ់១៦លើក និងស្មើ០២លើក ។ទោះជាយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ មិនដឹងថាអាចរកបាន៣ពិន្ទុបានឬអត់នោះទេ ក្នុងការជួបជាមួយមាជ សុខរ៉ានេះ ។
មាជ សុខរ៉ា ជើងខ្លាំងរបស់កម្ពុជានេះ ធ្លាប់ប្រកួតជាមួយថៃបានជាង១០លើកហើយ ដោយវាយឈ្នះ០៦លើក ចាញ់ថៃ០៤លើក និង ស្មើ០២លើក ។ សុខរ៉ាគេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយគេមានកណ្តាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់និងជង្គង់ កែង ក៏ល្អថែមទៀត ។
ទោះជាបែបនេះក្តី មិនទាន់ហ៊ានសន្និដ្ឋានថា មាជ សុខរ៉ា ជួបសំណាងល្អនៅក្នុងការប្រកួតជាមួយអ្នកប្រដាល់Kev Kongvan នេះឡើយ ? ចាំមើល សុខរ៉ា អាចយកឈ្នះ Kev Kongvan បានឬអត់ សម្រាប់ជំនួបក្នុងខ្សែក្រវាត់Wurkz រដូវកាលទី២ ជុំទី១នេះ ? ។
សម្រាប់គូខ្សែក្រវាត់មួយគូទៀតនោះ ពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា គេនឹងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ Keng Kat ។ ពួកគេទាំងពីរនាក់នេះ ធ្លាប់ប៉ះគ្នា២ លើកហើយកន្លងមកដោយវាយឈ្នះចាញ់គ្នាម្តងម្នាក់ ។
ពុទ្ធ ឆាយរិទ្ធី ជាជើងខ្លាំងជើងចាស់ម្នាក់នៅកម្ពុជា ធ្លាប់ប្រកួតជាមួយថៃនៅភ្នំពេញចំនួនជាង៥០លើកហើយ ដែលភាគច្រើនវាយឈ្នះច្រើនជាងចាញ់ ។ តាមពិត ពុទ្ធ ឆាយរិទ្ធីគេធ្លាប់ជួបថៃច្រើនលើកជាងនេះ ។
ឆាយរិទ្ធី គេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយគេវាយជាមួយថៃគ្មានញញើតខ្លាចអ្វីទេ ។ គេមានកណ្តាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់និងជង្គង់ កែង ក៏ល្អថែមទៀត ។ តែអ្នកប្រដាល់រូបនេះ វាយរាងមើលស្រាលគូប្រកួតបន្តិច ។ ឆាយរិទ្ធី មានប្រវត្តិប្រកួតចំនួន១០៧លើក ឈ្នះ៨៣លើក ចាញ់២២លើកនិងស្មើ០២លើក ។ ចាំមើល ពុទ្ធ ឆាយរិទ្ធី អាចយកឈ្នះ Keng Kat បានឬអត់នោះទេ សម្រាប់ជំនួបក្នុងជម្រុះខ្សែក្រវាត់Wurkz ជុំទី១នេះ?។
Keng Kat ជាជើងខ្លាំងនៅស្រុកថៃ ។ គេក៏ធ្លាប់មកប្រកួតនៅភ្នំពេញច្រើនលើកដែរ ។ ក្នុងនោះ គេវាយឈ្នះអ្នកប្រដាល់ខ្មែរច្រើនជាងចាញ់ ។ បើតាមលោកញាន សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEA-TVអោយដឹងថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់ប្រកួតបាន១០៣លើក ឈ្នះ៩០លើក ចាញ់១២លើក និង ស្មើ០១លើក ។ ចាំមើល Keng Kat លើកនេះ តើគេអាចយកបាន៣ពិន្ទុពីពុទ្ធ ឆាយរិទ្ធី បានឬអត់? ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់Wurkz រដូវកាលទី២ ទម្ងន់៦៧គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ៤រូប ។ការប្រកួត គឺពុំមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ។ ដូច្នេះហើយ ទើបទាំងប្រដាល់ខ្មែរ ទាំងអ្នកប្រដាល់ថៃ គឺត្រូវការឈ្នះដូចគ្នា ត្បិតគេជ្រើសរើសយកតែអ្នកលេខ១និងលេខ១ក្នុងជុំ នៃពូលខ្មែរនិងពូលថៃ តែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments