អ្នកប្រដាល់ កែវ រំចង់ ក្លិបដំបងគ្រញូងមានរិទ្ធខេត្តបាត់ដំបង បានផ្តួលអ្នកប្រដាល់ថៃ Yokhidam Sor.Sauyngarm ក្នុងទឹកទី៥ ក្នុងការជួបប្រកួតលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យទី២១កញ្ញា២០១៨។
កែវ រំចង់ ជើងខ្លាំងរបស់កម្ពុជា បានប្រើពេលរហូតដល់៤ទឹក ទើបអាចផ្តួលអ្នកប្រដាល់ថៃ Yokhidam អោយបោះបង់ចោលការប្រកួតនៅមុនពេលចូលប្រកួតទី៥ ដោយបានទាត់ជើងស្តាំរបស់ Yokhidam ឲ្យខូចសន្លាក់ជង្គង់ មិនអាចបន្តការប្រកួតទៀតបាន។
Yokhidam ដែលមានកម្ពស់ខ្ពស់ជាងរំចង់នោះ គេមានថ្វីដៃល្អ ដោយវាយរំចង់បែកឈាមលើចិញ្ចើមខាងស្តាំក្នុងទឹកទី២ តែគេស៊ូជាមួយការទាត់ជើងក្រោមរបស់រំចង់ពុំបាន រហូតដួលត្រូវអាជ្ញាកណ្តាលរាប់៨ក្នុងទឹកទី៤ ហើយនៅពេលហៀបចូលប្រកួតទឹកទី៥ Yokhidam ក៏បានបោះបង់ចោលការប្រកួតតែម្តង ធ្វើអោយកែវ រំចង់ទទួលបានជ័យជម្នះ។
អ្នកប្រដាល់ថៃរូបនេះ កាលពីមកប្រកួតនៅស្រុកខ្មែរកន្លងមកនោះ បានយកឈ្នះជើងខ្លាំងព្រំ សំណាង ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ និងផ្តួលអ្នកប្រដាល់ម៉ានូអែល ក្នុងទឹកទី១ តែមកលើកនេះត្រូវបាក់អំនួតដោយសារសន្ទុះជើងទាត់របស់កែវ រំចង់វិញ។ អ្នកប្រដាល់ថៃរូបនេះ មានកំនត់ត្រាប្រកួត១២៥លើក ខណះដែលកែវរំចង់ មានកំនត់ត្រាប្រកួតចំនួន១៥៨លើក។
ចំណែក អ្នកប្រដាល់ស្រករក្រោយកម្ពុជា អ៊ូច ធារិទ្ធ ក្លិបអាណាចក្រគុនខ្មែរ គេបានវាយចាញ់អ្នកប្រដាល់ថៃThekhen Chhor.Champions ក្នុងទឹកទី១ដោយសារគេវាយខុសលក្ខណះបច្ចេកទេស ដោយទាត់ត្រូវប្រដាប់ការពារពងរបស់Thekhen។
Thekhen ត្រូវអាជ្ញាកណ្តាលរាប់ដល់ដប់ តែគេមិនក្រោកបន្តការប្រកួតទៀតឡើយ ដោយស៊ីឡាកយកឈ្នះអ៊ូច ធារិទ្ធតែម្តង ។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ គិន សំបូរ អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ បានប្រើពេលមិនដល់ពីរទឹកទេ ផ្តួលយ៉ាម ខេមរា អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រាក្នុងទឹកទី២ ។
យ៉ាម ខេមរា បានបែកឈាមខ្លាំងពេក និងរំខានដល់ការប្រកួតរបស់គេ ទើបអាជ្ញាកណ្តាលបញ្ឈប់លែងឲ្យប្រកួតក្នុងទឹកទី២នេះ ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៧ គីឡូក្រាម។
ដោយឡែក វិន ដេវីត អ្នកប្រដាល់ក្លិបនាគរាជចតុមុខ បានប្រកួតឈ្នះនួន ម៉ារ៉ាឌី អ្នកប្រដាល់ក្លិបភារម្យគុនខ្មែរដោយពិន្ទុ បន្ទាប់ពីពួកគេទាំងពីរវាយគ្នា៥ទឹកពេញនោះ៕
Source: Kampuchea Thmey Daily
0 Comments