ភ្នំពេញ ៖ លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ តំណាង លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ លើកទី៦ (6th RCEP-Intersessional Ministerial Meeting-ISSL-MM) នៅប្រទេសសិង្ហបុរី។
ក្រសួង បានឲ្យដឹងថា កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីទាំង ១៦ របស់ RCEP និងផ្តោតលើរបៀបវារៈចំនួន ០៣ មានដូចជា ១) ការចូលទីផ្សារទំនិញ សេវាកម្ម និងវិនិយោគ ២) វិធាន-ច្បាប់ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម ដូចជា ប្រភពដើមទំនិញ អនាម័យនិងភូត្តគាមអនាម័យ របាំងបច្ចេកទេស នីតិវិធីគយ ការប្រកួតប្រជែង និង ៣) ការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់សម្រេចការងារចរចាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី RCEP នាខែវិច្ឆិកាខាងមុខ។
នាឱកាសនោះ លោក សុខ សុភ័ក្ត្រ បានជំរុញបណ្តាប្រទេសរបស់ RCEP ទាំង ១៦ គោរពស្មារតីនៃកិច្ចសន្មតការងារសម្រាប់ការចរចា (Working assumptions) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ RCEP លើកទី៦ កាលពីខែសីហាកន្លងទៅ ដែលប្តេជ្ញាមិនឲ្យមានការតំអក់មិនព្រមកាត់ពន្ធ (Back-loading Offer) និងជៀសវាងហាមមិនឲ្យដាក់បញ្ចូលមុខទំនិញសំខាន់ដែលកំពុងធ្វើចរាចរផ្នែកពាណិជ្ជកម្មរបស់សមាជិកមួយចំនួន (រួមមានកម្ពុជា) ទៅក្នុងបញ្ជីលើកលែងដែលមិនព្រមកាត់ពន្ធ (Exclusion List) ដើម្បីពង្រីកការនាំចេញទំនិញសក្តានុពលរបស់កម្ពុជា។
ក្រសួងបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំទាំងមូល បានឯកភាពជាគោលការណ៍ ក្នុងការជំរុញសមាជិកដែលមិនទាន់បានផ្តល់ជូនការផ្តល់កញ្ចប់សន្យាផ្នែកទំនិញ និងសេវាកម្មបន្ទាប់ចុងក្រោយ (Penultimate goods and services offers) ឲ្យឆាប់ផ្តល់ឲ្យបានមុនកិច្ចប្រជុំ RCEP លើកទី២៤ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Auckland ប្រទេសណូវែលសេឡង់ដ៍ នៅចុងខែតុលានេះ។ អង្គប្រជុំក៏បានឯកភាពលើកកាលបរិច្ឆេទ ដែលត្រូវផ្តល់ការផ្តល់ជូនចុងក្រោយផ្នែកសេវាកម្ម និងទំនិញ (Final services and goods offers) និងផ្នែកបញ្ជីរក្សាសិទ្ធិក្របខ័ណ្ឌវិនិយោគ ទៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខវិញ។
ជាចុងក្រោយ កិច្ចប្រជុំបានកំណត់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃកិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្ត្រី RCEP និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃនៃកិច្ចប្រជុំកំពូល RCEP។ អង្គប្រជុំទាំងមូលក៏បានឯកភាពប្រឹងប្រែងបន្ថែម ដើម្បីរុញការអនុម័តិកិច្ចព្រមព្រៀង RCEP សំដៅសម្រេចបានផលជាដុំកំភួន សម្រាប់ជូនថ្នាក់ដឹកនាំកំពូល RCEP ប្រកាសក្នុងចុងឆ្នាំ ២០១៩ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments