Ad Code

នគរបាល​ ចុះ​បង្ក្រាប​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​ថ្លើមធំ​ហ៊ាន​យក​ដុំ​ថ្ម​ទៅ​គប់​កញ្ចក់​ឡាន​អ្នក​ធ្វើ​ដំណើរ​នៅ​ពេលយប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​មង្គល​បូរី



បន្ទាយមានជ័យ ​៖​ លោក​ឧត្តមសេនីយ៍ទោ អាត់​ខែម​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ដាក់​វិធានការ​ឲ្យ​នគរបាល​នៅ​ស្រុក​មង្គល​បូរី​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ ដែល​បង្ក​លួច​គប់​កញ្ចក់​ឡាន​អ្នក​ធ្វើ​ដំណើរ​នៅពេល​យប់​ឲ្យ​អស់​ ឫសគល់​នៅ​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី ​និង​ទូទាំង​ខេត្តបន្ទាយមានជ័យ និង​បន្ត​បង្ក្រាប​ដូច​ភ្លៀងរលឹម​កាលពី​ថ្ងៃទី​១៥ ​ខែតុលា ឆ្នាំ​២០២៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ។



គួរ​បញ្ជាក់​ផង​ដែរ​ថា​ កន្លងមក​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​ បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​ដែល​បង្ក​លួច​គប់​កញ្ចក់​ឡាន​អ្នក​ធ្វើ​ដំណើរ​នៅ​ចំណុច​ផ្លូវ​រថភ្លើង ក្នុងភូមិ​សាស្ត្រ​សាលា​ដែង ឃុំ​ឫស្សី​ក្រោយ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ នៅ​វេ​លា​ម៉ោង ៥​ល្ងាច ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ ម្ចាស់​ឡាន​មានឈ្មោះ​ហែម​ វាសនា ភេទប្រុស​ អាយុ​៣០ឆ្នាំ ​នៅ​ភូមិ​ចំការ​ត្រដោក ឃុំ​ឫស្សី​ក្រោក នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ១​មានឈ្មោះ ហេ​ឈិ​ត ភេទប្រុស​ អាយុ១៧​ឆ្នាំ ២​មានឈ្មោះ​អឿន​ សំណាង ភេទប្រុស​ អាយុ​១៧​ឆ្នាំ ៣​មានឈ្មោះ​ធូ ភេទប្រុស អាយុ២០​ឆ្នាំ ៤​មានឈ្មោះ​ស៊ិ​ន ​សុភា​រ៉ា ភេទប្រុស​ អាយុ​១៨​ឆ្នាំ ទាំង​៤​នាក់​រស់នៅ​ភូមិ កោះ​កែវ ឃុំឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោយពី​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​បាន​បញ្ជូន​មក​ស្នងការ​ខេត្តបន្ទាយមានជ័យ​បន្ត​រៀបចំ​សំណុំ​បែបបទ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។



ក្នុង​នោះ​លោក​ឧ​ត្ត​ម​សេនី​យ៍​ទោ អាត់​ ខែម​ បាន​ធ្វើការ​កោតសរសើរ​និង​អគុណ​ដល់​កងកម្លាំង​នគរបាល​គ្រប់​ថ្នាក់ គ្រប់​ជំនាញ​និង​គ្រប់​គោលដៅ​ដែល​បាន​ខិតខំ​បំពេញការងារ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព​ទូទៅ​កន្លងមក​នេះ និង​ក៏​បន្ថែម​ការ​ដាក់​ផែនការ​ការពារ​ក្នុង​ឱកាស​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ ក៏ដូចជា​បុណ្យ​កឋិនទាន​នា​ពេ​ល​ដ៏​ខ្លី​ខាងមុខ​ទៀតផង​។



លោកស្នងការ​បាន​បញ្ជាក់​ទៀត​ថា ​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​លំបាក​ស្មុគស្មាញ​កម្លាំង​នគរបាល​ធ្វើ​បាន​ល្អ មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ ហើយ​មាន​ភាពកក់ក្តៅ​ដល់​ប្រជាជន​មហាជន​ចឹ​ង​រឿង​អី​ដែល​ឲ្យ​ក្រុមក្មេងស្ទាវ​ទំនើង​ក្រុម​នេះ ក្រុម​នោះ​ម្តង​ហើយ​ម្តងទៀត​បង្ក​អុកឡុក ស្ទាក់ ឆ្មក់​គប់​កញ្ចក់​ឡាន អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ពេល​យប់នោះ​បន្ត​ទៀត​បាន។

លោក​វរសេនីយ៍​ស៊ិន ណារ៉ាក់ អធិការ​នគរបាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​១៥​ខែតុលា​ ឆ្នាំ​២០១៨ ករណី​ក្រុម​ក្មេង​ទំនើង​លួច​គប់​កញ្ចក់​និង​ទ្រុង​ឡាន​នៅ​ផ្លូវជាតិ​លេខ​៥​កាត់​ថ្នល់​រថភ្លើង​នៅ​ឃុំ​ឫស្សី​ក្រោក​ កាលពី​កន្លង​មក​នេះ​ គ្មាន​អ្នក​ប្តឹង​ ហើយ​កាលពី​ខែ​មីនា ​ឆ្នាំ​២០១៨​ នៅ​ផ្លូវជាតិ​លេខ​១៩៦ ភូមិ​ស្រមោច​ ឃុំ​ស្រុក​ព្រះនេត្រព្រះ​ជាប់​នឹង​ព្រំប្រទល់​ឃុំ​គយ​ម៉ែង ​ស្រុក​ព្រះនេត្រព្រះ ​ដែល​ក្មេង​ទំនើង​គប់​កញ្ចក់​ឡាន​កូន​របស់​លោក​ចៅហ្វាយខេត្ត ជា​បញ្ហា​បង្ក​ឲ្យ​ខូចខាត​សន្តិសុខ​សណ្ដាប់ធ្នាប់​ ករណី​ទាំងនេះ នគរបាល​បាន​ស្រាវជ្រាវ​ដ៏​លំបាក​ចុះ​បង្ក្រាប​បានសម្រេច​បន្ត​បន្ទាប់​យក​ទៅ​ដាក់​គុក​អស់ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu