Ad Code

កម្ពុជា​សម្រេច​ធ្វើ​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ឡើងវិញ ដោយ​ផ្អែកលើ​មូលដ្ឋាន​មនុស្សធម៌ និង​សិទ្ធិមនុស្ស



ភ្នំពេញ ​៖ អ្នកនាំពាក្យ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ធ្វើ​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ឡើងវិញ ដោយ​ផ្អែកលើ​មូលដ្ឋាន​មនុស្សធម៌ និង​សិទ្ធិមនុស្ស ហើយក៏​ដើម្បី​បង្ហាញ​ពី​មនោសញ្ចេតនា ចំពោះ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ផងដែរ។

លោក សុខ ឥសាន ថ្លែង​បែបនេះ បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​យល់ព្រម​បើក​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ ដើម្បី​ឆ្លើយតប​ជាមួយ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេ​រិ​ក​សុន (Doug Ericksen) និង​តំណាងរាស្ត្រ​លោក វីន​សុន បា​យ្ស (Vicent Buys)​។

លោក សុខ ឥសាន ថ្លែង​ថា ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម ត្រូវ​បាន​ផ្អាក ក្រោយ​ពេល​ដែល​របប​ក្រុង​វ៉ា​ស៊ីន​តោន បាន​រឹត​បន្តឹង​ទិដ្ឋាការ​ដល់​មន្ត្រី​សំខាន់ៗ​មួយចំនួន​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​។ ឥឡូវនេះ​ដោយ​ផ្អែក​តាម​សំណូមពរ​របស់​ព្រឹទ្ធសមាជិក​សហរដ្ឋអាមេរិក​នៅ​រដ្ឋ​វ៉ា​សិន​តោន រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ធ្វើ​សម្បទាន​ឲ្យ​មានការ​ប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទា​ហ៊ាន​អាមេរិក​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ឡើងវិញ ដោយ​ផ្អែកលើ​មូលដ្ឋាន​មនុស្សធម៌ និង​សិទ្ធិមនុស្ស ជាពិសេស​ចំពោះ​មនោសញ្ចេតនា ចំពោះ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​។

តាម​លោក សុខ ឥសាន “​ចំពោះ​កាយវិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការ​បន្ត​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច ឆ្លុះបញ្ចាំង​ថា តើន​រណា​មាន​មនុស្សធម៌​និង​គោរព​សិទ្ធិមនុស្ស​ជាង ?”​។

សូម​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧ មក បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (​ប្រភេទ​ទេសចរណ៍ និង​ជំនួញ​) ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ចាប់តាំងពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់​កំពូល​។ ជាមួយគ្នា​នេះ សហរដ្ឋអាមេរិក​ក៏បាន​បន្ត​រឹតត្បិត​ទិដ្ឋាការ​បន្ថែម​ទៀត ដល់​មន្ត្រី​កម្ពុជា​ណា ដែល​ពួកគេ​យល់ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​ផង​ដែរ ហើយ​គិត​រហូត​មក​ដល់​ពេល​នេះ កិច្ច​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា ត្រូវ​បាន​ប្រកាស​ផ្អាក​ជាង​១​ឆ្នាំ​មក​ហើយ ខណៈ​ដែល​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក ដែល​បាត់​បង់ជីវិត​នៅ​លើ​ដី​កម្ពុជា​ទាំងអស់​មាន​ប្រមាណ​៨០​នាក់ ហើយ​បច្ចុប្បន្ន​រក​ឃើញ​៤០​នាក់​ប៉ុណ្ណោះ​។

ទាក់ទង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​យល់ព្រម​បើក​ឡើងវិញ នូវ​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ការប្រកាស​នេះ ជាការ​ឆ្លើយតប​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេ​រិ​ក​សុន (Doug Ericksen) និង​តំណាងរាស្ត្រ​លោក វីន​សុន បា​យ្ស (Vicent Buys)​។​



ក្នុង​លិខិត​ឆ្លើយតប​លោក Doug Ericksen) និង​លោក Vicent Buys សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើង​ថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយបាន​ទទួល​លិខិត​រួមគ្នា​របស់​ឯកឧត្តម សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព សេដ្ឋកិច្ច​-​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ និង​សេចក្តី​ប្រាថ្នា​របស់​ឯកឧត្តម ដែល​ចង់​ឲ្យ​បន្ត​ឡើងវិញ​នូវ​កម្មវិធី​រុករក​អដ្ឋ​ធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម ( POW/MIA ) នៅក្នុង​ប្រទេស​កម្ពុជា​”​។ សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា “​ជាការ​ពិត​យើង​តែងតែមាន​បំណង​ចង់​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំងអស់​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ឈរ​លើ​មូលដ្ឋាន​ផលប្រយោជន៍​រួម និង​គោរព​គ្នា​ទៅវិញទៅមក​។ កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី POW/MIA តាំងពី​មុន​ពេល​កម្ពុជា និង​សហរដ្ឋអាមេរិក ត​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ នៅ​ទសវត្ស ១៩៩០ គឺជា​ឧទាហរណ៍​បញ្ជាក់​ច្បាស់​អំពី​ការ​ខិតខំ​របស់​យើង ដើម្បី​គោលដៅ​នេះ ហើយក៏​ជា​ការ​ឆ្លុះបញ្ចាំង​នូវ​ការ​រួម​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​ក្រុម​គ្រួសារ​ឈ្លើយសឹក និង​ទាហាន​អាមេរិក​បាត់​ខ្លួន ដែល​បាន​រង​ទុក្ខ​ផ្លូវចិត្ត​យ៉ាង​ធំធេង​ដោយ​ការបាត់បង់​របស់គេ​”។

សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ថា “​កម្មវិធី POW/MIA បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​អស់​ជាង ៣០​ឆ្នាំ​មក​ហើយ មុន​ពេល​ត្រូវ​ផ្អាក បន្ទាប់ពី​កម្ពុជា ត្រូវ​បាន​ដាក់ទណ្ឌកម្ម​យ៉ាង​អយុត្តិធម៌ ដោយ​គ្រាន់តែ​ស្នើសុំ​ឲ្យ​សហរដ្ឋអាមេរិក ផ្តល់​ការពិចារណា​បន្ថែម ចំពោះ​ករណី​កម្មវិធី​ធ្វើ​មាតុភូមិ​និវត្ត​ខ្មែរ​នៅ​អាមេរិក ដោយ​ឈរ​លើ​មូលដ្ឋាន​មនុស្សធម៌ ប្រហាក់ប្រហែលគ្នា​ដែរ​”​។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​ដូចដែល​យើង​បាន​ពិភាក្សា​លើក​មុន និង​ឆ្លើយតប​ចំពោះ​សំណើ​របស់​ឯកឧត្តម ព្រមទាំង​សំណើ​របស់​អង្គការ​ពាក់ព័ន្ធ​ដទៃទៀត​របស់​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​របស់ខ្ញុំ ដោយ​ក្នុង​ស្មារតី​មេត្តាករុណា​ដូច​កន្លងមក យល់ព្រម​ចាប់ផ្តើម​ឡើងវិញ​នូវ​ប្រតិបត្តិ​ការរុករក​អដ្ឋ​ធាតុ POW/MIA ដ៏​សំខាន់​នេះ ទោះបី​ជាការ​រឹតត្បិត​ទិដ្ឋាការ​សហរដ្ឋអាមេរិក នៅតែមាន​សុពលភាព​ក៏ដោយ​”​។

លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខាងលើនេះ ក៏បាន​ចម្លង​ជូន​លោកស្រី អាន​មៀល គ្រី​ហ្វី​ត ( Ann-Mills Gritfiths ) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​សមាគមជាតិ​នៃ​គ្រួសារ របស់​កម្មវិធី​រុករក​អដ្ឋ​ធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម ( POW/MIA ) ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu