Ad Code

មាន​អាថ៌កំបាំង​ជុំវិញ​ការបាត់​ខ្លួន​អ្នកកាសែត​នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត



មាន​អាថ៌កំបាំង​ជុំវិញ​កន្លែង​លាក់ខ្លួន​របស់​អ្នក​រិះគន់​អារ៉ាប៊ីសាអ៊ូឌីត​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ទីក្រុង​រី​យ៉ា​ដ​ប្រកាសថា គាត់​បាន​ចាក​ចេញពី​ស្ថាន​កុងស៊ុល​របស់​ពួកគេ​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប៉ុន្តែ​ប្រទេស​ទួរគី​និង​គូ​ដណ្ដឹង​របស់គាត់​បាន​និយាយថា ពួកគេ​មិន​ទទួលបាន​ដំណឹង​ពី​គាត់​ទេ​ចាប់តាំងពី​ចូលក្នុង​អគារ​នោះមក។

លោក Jamal Khashoggi ដែលជា​សហការី​របស់​កាសែត Washington Post បាន​ទៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ទទួលយក​ឯកសារ​ផ្លូវច្បាប់​សម្រាប់​អាពាហ៍ពិពាហ៍​របស់គាត់​។​
​អ្នកកាសែត​រូបនេះ​បានរស់នៅ​ក្នុងការ​និរទេស​ដោយ​ខ្លួនឯង​នៅ​សហរដ្ឋអាមេរិក​ចាប់តាំងពី​ឆ្នាំមុន​មក​ដើម្បី​ចៀសវាង​ការចាប់ខ្លួន។

អតីត​ទីប្រឹក្សា​រដ្ឋាភិបាល​រូបនេះ​បាន​រិះគន់​គោលនយោបាយ​ខ្លះ​របស់​ព្រះអង្គម្ចាស់ Mohammed bin Salman និង​អន្តរាគមន៍​របស់​ទីក្រុង​រី​យ៉ា​ដ​នៅក្នុង​សង្គ្រាម​យេ​មែន​។​
​បន្ទាប់ពី​ការ​ស្ងប់ស្ងាត់ អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយថា ស្ថាន​កុងស៊ុល​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ទួរគី​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​កាលៈទេសៈ​នៃ​ការបាត់​ខ្លួន​របស់លោក Jamal Khashoggi បន្ទាប់ពី​គាត់​ចាក​ចេញពី​អគារ​កុងស៊ុល។

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​ទួរគី​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អ្នកសារព័ត៌មាន​រូប​នេះ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ស្ថាន​កុងស៊ុល​នេះ។

អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Ibrahim Kalin បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅ​ទីក្រុង​អង់កា​រ៉ា​ថា “​យោងទៅតាម​ព័ត៌មាន​ដែល​យើង​ទទួលបាន​គឺថា បុគ្គល​ដែលជា​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​នៅតែ​ស្ថិតក្នុង​ស្ថាន​កុងស៊ុល​របស់​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល”។

លោក​បាន​និយាយថា ក្រសួងការបរទេស​និង​ប៉ូលិស​ទួរគី​កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ករណីនេះ​ដោយ​បន្ថែមថា ក្រុង​អង់កា​រ៉ា​កំពុង​ទាក់ទង​ជាមួយ​ក្រុមមន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​។​
​គូ​ដណ្ដឹង​សញ្ជាតិ​ទួរគី​របស់លោក Khashoggi បាន​រង់ចាំ​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​ចាប់តាំងពី​ព្រឹក​ថ្ងៃ​ពុធ​មកម្ល៉េះ​។ នាង Hatice អាយុ​៣៦​ឆ្នាំ​បាន​និយាយថា លោក Khashoggi បាន​ទុក​ទូរស័ព្ទដៃ​របស់គាត់​នៅ​ជាមួយ​នាង។

ស្របពេល​ជាមួយគ្នា​នោះ​ដែរ ក្រសួងការបរទេស​អា​មេ​រិ​ក​បាន​និយាយ​ថា ខ្លួន​ក៏​កំពុង​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​ផង​ដែរ៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu