អ្នកប្រដាល់ជើងខ្លាំងចាន់ ប៊ុនហឿន ក្លិបនិរោធមានជ័យ នឹងត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះយ៉តផាយ៉ាក ក.អេឌិសន(Yodpayak Kor.Adisorn) នាយប់ថ្ងៃអាទិត្យទី០៧តុលា២០១៨នេះ នៅលើសង្វៀនខារ៉ាបាវបាយ័នស្ទឹងមានជ័យ។ ពួកគេទាំងពីរនេះ ជួបគ្នាក្នុងជម្រុះលើកទី២ ដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មី(ទី៥) ទម្ងន់៦០គីឡូក្រាម។
ចាន់ ប៊ុនហឿន ជើងខ្លាំងរបស់កម្ពុជានេះ កាលពីប្រកួតជុំទី១ គេបានយកឈ្នះណាំផេត ឆ.ឆេមពាន្ត អ្នកប្រដាល់ឡាវដោយពិន្ទុ ដែលធ្វើអោយប៊ុនហឿនទទួលបាន៣ពិន្ទុក្នុងដៃហើយ ។ ចំណែក យ៉តផាយ៉ាកវិញ ប្រកួតជុំទី១វាយឈ្នះព្រឿង សុជាតិ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ គឺបាន៣ពិន្ទុ។
រវាង ចាន់ ប៊ុនហឿន និង យ៉តផាយ៉ាក ពួកគេមិនធ្លាប់ដែលប៉ះគ្នា ម្តងណានៅឡើយទេកន្លងមក។តែយ៉ាងណា យ៉តផាយ៉ាកគេជាជើងខ្លាំងគួរសមដែរ ព្រោះវាយឈ្នះព្រឿង សុជាតិហើយនោះ ប៉ះជាមួយចាន់ ប៊ុនហឿន គេប្រហែលជាមិនជួបការលំបាកប៉ុន្មានទេ។
យ៉តផាយ៉ាក ដែលជាគូរបស់ចាន់ ប៊ុនហឿននេះ គេជាអ្នកប្រដាល់ដែលមានប្រវត្តិប្រកួតលើរេញច្រើនក្រាសក្រែលគួរសមដែរ ហើយបើតាមអ្នកដឹកនាំកីឡាករថៃអោយដឹងនោះថា អ្នកប្រដាល់ថៃរូបនេះ ឆ្លងកាត់ការប្រកួត៨០លើក .វាយឈ្នះ៦៤លើក ចាញ់១៤លើក និងស្មើ០១លើក។
ចំពោះ ចាន់ ប៊ុនហឿន គេមានប្រវត្តិប្រកួតតិចជាង គឺចំនួន៧០លើក ឈ្នះ៥៩លើក និងចាញ់១០លើក និងស្មើ០១លើក ។ ប៊ុនហឿនគេមានថ្វីកែងនិងជង្គង់ល្អណាស់ តែយ៉ាងណាការឈ្នះចាញ់រវាងចាន់ ប៊ុនហឿន និង យ៉តផាយ៉ាក នេះ ពុំមាននរណាហ៊ានទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះទេ ?។
យ៉តផាយ៉ាក អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប្រមាណ ៣ ដងហើយ ដោយវាយចាញ់២លើក និងឈ្នះ១លើក ដែលការប្រកួតចុងក្រោយនេះ គេឈ្នះ ព្រឿង សុជាតិ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជា (១៦កញ្ញា២០១៨) ។
ដូច្នេះ ក្នុងការប្រកួតលើកនេះ ជាលើកទី៤សម្រាប់អ្នកប្រដាល់ថៃនេះហើយ ដែលការជួបនេះ មិនដឹងថា អ្នកណាដែលឈ្នះបាន៣ពិន្ទុនោទេ ?។ យ៉ាងណា ចាន់ ប៊ុនហឿនមិនអាចមើលស្រាល យ៉តផាយ៉ាក នោះឡើយ។
ចំពោះ ព្រឿង សុជាតិ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ គេនឹងត្រូវជួបប្រកួតជាមួយ ឃុមភីជិត ប៉ាយ៉ាក់ណុងហ៊ិន (Khumpichit Payaknonghin)សម្រាប់ការប្រកួតជម្រុះជុំទី២នេះដែរ។
ព្រឿង សុជាតិ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ដែលមានកាយសម្បទារឹងមាំ និង វាយខ្លាំង និងធ្លាប់ផ្តួលជើងចាស់អស់ច្រើននាក់មកហើយ។គេទើបតែឡើងសង្វៀនបានប្រមាណជាង៥០លើកប៉ុណ្ណោះ តែលទ្ធផលរបស់គេល្អ គឺឈ្នះច្រើនជាងចាញ់។ គេប្រកួតចុងក្រោយជាមួយថៃនោះ គឺវាយឈ្នះថៃ ឃុមភីជិត ប៉ាយ៉ាក់ណុងហ៊ិន ដោយពិន្ទុ (២៧ឧសភា២០១៨)។ ដូច្នេះការជួបជាមួយឃុមភីជិត លើកនេះ ជាការជួបលើកទី២ហើយរបស់ព្រឿង សុជាតិ។ តែយ៉ាងណា ព្រឿង សុជាតិ មិនអាចមើលស្រាលចំពោះឃុមភីជិត នោះឡើយ។
ឃុមភីជិត ក៏ជាអ្នកប្រដាល់ថៃម្នាក់ដែលខ្លាំងដែរ។ គេមានប្រវត្តិប្រកួតលើរេញច្រើនក្រាសក្រែលហើយ ។ កាលពីប្រកួតជុំទី១ ឃុមភីជិត វាយចាញ់ឡៅ ចិត្រា អ្នកប្រដាល់កម្ពុជាក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ បាន១ពិន្ទុប៉ុណ្ណោះ។ ឯ ព្រឿង សុជាតិ ជុំទី១ គេក៏វាយចាញ់ពិន្ទុ យ៉តផាយ៉ាក ក.អេឌិសន ដោយបាន១ពិន្ទុដែរ។
ចាំមើល ក្នុងការប្រកួតជុំទី២នេះ តើ ព្រឿង សុជាតិ ឬ ឃុមភីជិត ដែលឈ្នះបាន ៣ពិន្ទុ នោះ? ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ផង់ សាមាឡេ ក្លិបនាគរាជមានជ័យ ត្រូវគេផ្គូអោយជួបប្រកួតជាមួយគុជសារ ចាន់រាជ ក្លិបកុសលកីឡា ដោយប្រកួតក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម ហើយចាន់ ហាវ ក្លិបនិរោធមានជ័យ នឹងជួបប្រកួតជាមួយ ជុំ មាន ក្លិប អាណាចក្រគុនខ្មែរ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments